សៀមរាប ៖ ក្នុងកិច្ចប្រជុំលើកទី២ របស់ក្រុមការងារប្រតិបត្តិដើម្បីវា.យតម្លៃ និងគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលស្គាល់ថា ខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់នេះ បានអនុវត្តវិធានការសុវត្ថិភាព ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល មានភាពល្អប្រសើរ និងទទួលបានទំនុកចិត្ត។

ឯកឧត្តម ថោង ខុន ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានថ្លែងថា សូមកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានចូលរួមអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប នាពេលកន្លងមក ប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ រហូតឈានដល់ការបើកដំណើរការ សកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចនានាឡើងវិញ ក្នុងគន្លងប្រក្រតីភាពថ្មី។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា បើទោះបីកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង បាននិងកំពុងធ្វើឲ្យស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលថ្មីមួយទៀត ហើយចាំបាច់ត្រូវមានការវាយតំលៃឲ្យបានម៉ត់ចត់ អំពីគោលដៅទេសចរណ៍ សុវត្ថិភាពរបស់កម្ពុជា ពិសេសខេត្តសៀមរាប យ៉ាងណាក៏ដោយ ក៏ខេត្តមួយនេះ គ្រប់គ្រង ប្រតិបត្តិតាមស្តង់ដារសុវត្ថិភាព ទុកចិត្ត និងទទួលយកបានផងដែរ ជាពិសេស ព្រលានយន្តហោះ ខេត្តសៀមរាប បានទទួលជើងហោះហើរអន្តរជាតិជាបន្តបន្ទាប់ ស្របពេលក្រុមហ៊ុនអាកាសចរណ៍ Thai Smile នឹងចាប់ផ្តើមជើងហោះហើរមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះតទៅ។

ក្នុងការវាយតម្លៃការប្រតិបត្តិស្តង់ដារសុវត្ថិភាព ដែលមានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងសុខាភិបាល ក្រសួងបរិស្ថាន រដ្ឋលេខាធិការដ្ឋាន អាកាសស៊ីវិល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ទៀ សីហា អភិបាលខេត្តសៀមរាបនេះ, លោក ថោង ខុន បានបញ្ជាក់ថា ការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ត្រូវផ្អែកលើសូចនាករសមិទ្ធកម្ម ចំនួន ៤ រួមមាន ÷
១- អត្រានៃការចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍,
២- អត្រាអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងកម្រិតធ្ងន់ និងអត្រាស្លា.ប់នៃអ្នកជំងឺកូវីដ-១៩,
៣- សមត្ថភាពឆ្លើយតប និងព្យាបាល និងការគ្រប់គ្រងហានិភ័យ ដែលអាចកើតមានពីវីរុសបំប្លែងថ្មី និង
៤- ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍,
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ច្រើនជាង ៨០% បានចាក់វ៉ាក់សាំង ខណៈដែលចំនួនអត្រាអ្នកឆ្លងជំងឺកូវីដ-១៩, អ្នកជំងឺចូលព្យាបាលនៅមន្ទីរពេទ្យ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួនទាប បើធៀបនឹងចំនួនកំណត់ក្នុងសូចនាករ។ ដូច្នេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តសៀមរាប ពង្រឹងលើមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្ត ឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដោយអនុវត្តឱ្យបានត្រឹមត្រូវតាម SOP របស់ក្រសួងទេសចរណ៍៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










