ភ្នំពេញ ៖ គម្រោងរយៈពេលពីរឆ្នាំរបស់មូលនិធិអន្តរជាតិសិង្ហបុរី (SIF) ផ្តល់លទ្ធភាពដល់អ្នកឯកទេសថែទាំសុខភាព មកពីប្រទេសទាំងពីរឱ្យធ្វើការងាររួមគ្នាដើម្បីបង្កើតឱ្យមានភាពប្រសើរឡើងប្រកបដោយនិរន្តរភាពក្នុងការថែទាំសុខភាពផ្លូវចិត្តក្នុងរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យនៃគំនិតផ្តួចផ្តើមកន្លងមកចំនួនពីរ។
រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២៖ មូលនិធិអន្តរជាតិសិង្ហបុរី (SIF) និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (KSFH) បានដាក់ដំណើរការ គម្រោងពង្រឹងសេវាថែទាំសុខភាពផ្លូវចិត្ត ក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះ។ គម្រោងកសាងសមត្ថភាពនេះមានបំណងបង្កើនសេវាថែទាំសុខភាពផ្លូវចិត្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងស្ថាប័នដែលគាំទ្រវិស័យសុខាភិបាលកម្ពុជាចំនួនពីរទៀតគឺមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារនិងយុវវ័យ (Caritas-CCAMH) និងអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO)
ក្នុងរយៈពេលពីរឆ្នាំខាងមុខ អ្នកស្ម័គ្រចិត្តអន្តរជាតិសិង្ហបុរី (SIVs) ដែលជាគ្រូពេទ្យអ្នកឯកទេស ដែលរួមមានក្រុមចម្រុះវិស័យនៃអ្នកអាជីពថែទាំសុខភាពផ្លូវចិត្តមកពីវិទ្យាស្ថានសុខភាពផ្លូវចិត្តសិង្ហបុរី នឹងធ្វើការងារដោយផ្ទាល់ជាមួយគ្រូពេទ្យកម្ពុជាចំនួន ៥០នាក់ ដើម្បីចែករំលែកចំណេះដឹង ជំនាញ និងការអនុវត្តប្រសើរបំផុតក្នុងវិស័យនេះ។
ក្នុងចំណោមគ្រូពេទ្យកម្ពុជាទាំងនេះ គ្រូពេទ្យ១២នាក់ នឹងត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្លាយជាគ្រូបណ្តុះបណ្តាល Master Trainers។ គ្រូពេទ្យទាំងនេះនឹងចូលរួមជាមួយអ្នកស្ម័គ្រចិត្តអន្តរជាតិសិង្ហបុរី (SIVs) ដើម្បីបង្រៀនគ្រូពេទ្យផ្សេងទៀត។ គំរូបណ្តុះបណ្តាលគ្រូបណ្តុះបណ្តាលនេះនឹងផ្តល់អំណាចដល់ប្រជាពលរដ្ឋកម្ពុជា និងអាចបង្កើតឱ្យមានផលប៉ះពាល់រយៈពេលវែង និងប្រកបដោយនិរន្តរភាពទៅលើសហគមន៍កាន់តែទូលំទូលាយ។ យ៉ាងហោចណាស់មនុស្ស ៣ម៉ឺននាក់ក្នុងប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីការបញ្ចប់គម្រោងនេះនៅក្នុងឆ្នាំ២០២៤។
សិក្ខាកាមកម្ពុជាភាគច្រើននឹងជាគ្រូពេទ្យវិកលវិទ្យា និងគ្រូពេទ្យសង្គ្រោះបន្ទាន់ ហើយក៏មានគ្រូពេទ្យចិត្តវិទ្យា គិលានុប្បដ្ឋាក បុគ្គលិកសង្គម និងគ្រូពេទ្យទូទៅផងដែរ។ ការបណ្តុះបណ្តាលនេះនឹងផ្តោតលើរបៀបគ្រប់គ្រងការសង្គ្រោះបន្ទាន់ផ្នែកវិកលវិទ្យា និងព្យាបាលអ្នកជំងឺដែលមានបញ្ហាផ្លូវអារម្មណ៍ និងថប់អារម្មណ៍។
សិក្ខាកាមនឹងចូលរួមក្នុងសិក្ខាសាលាអនឡាញជាច្រើន និងធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី នៅពេលដែលការធ្វើដំណើរត្រូវបានអនុញ្ញត។ ដឹកនាំដោយក្រុមស្ម័គ្រចិត្ត SIV សិក្ខាកាមក៏នឹងរួមគ្នាបង្កើតក្របខ័ណ្ឌបណ្តុះបណ្តាលមួយ និងពិធីសារគ្រប់គ្រងជាតិមួយសម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកវិកលវិទ្យា។ កិច្ចប្រជុំសាធារណៈចំនួន២ ក៏នឹងត្រូវបានរៀបចំធ្វើឡើងផងដែរដើម្បីបង្កើនការយល់ដឹង និងការស្វែងយល់អំពីបញ្ហាសុខភាពផ្លូវចិត្ត។ ការណ៍នេះនឹងជួយកាត់បន្ថយការមាក់ងាយ និងអាចឱ្យប្រជាពលរដ្ឋស្វែងរកជំនួយនៅពេលពួកគេត្រូវការ។
គម្រោងពង្រឹងសេវាសុខភាពផ្លូវចិត្តនេះ ត្រូវបានដាក់ដំណើរការដោយអ្នកនាង Lee Huay Leng ប្រធានមូលនិធិ SIF និងឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ អ្នកមុខអ្នកការផ្សេងទៀតដែលចូលរួមក្នុងកម្មវិធីនេះ រួមមានលោក Alvin Koh អនុប្រធានផ្នែកបេសកកម្មនៃស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា។
អ្នកនាង Lee ប្រធានមូលនិធិ SIF មានប្រសាសន៍ថា៖ «ខណៈដែលមនុស្សកាន់តែច្រើនឡើងមានជំងឺផ្លូវចិត្ត មានតម្រូវការជាបន្ទាន់សម្រាប់សហគមន៍នៅទូទាំងពិភពលោក ក្នុងការតភ្ជាប់ និងរួមគ្នាដោះស្រាយការមាក់ងាយ និងកង្វះការយល់ដឹងអំពីសុខភាពផ្លូវចិត្ត។ ដូច្នេះ មូលនិធិ SIF មានក្តីរីករាយក្នុងការដាក់ដំណើរការគំនិតផ្តួចផ្តើមថែទាំសុខភាពផ្លូវចិត្តរយៈពេល ២ឆ្នាំនៅកម្ពុជា ជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ យើងកំពុងនាំយកមករូមគ្នានូវអ្នកឯកទេសផ្នែកថែទាំសុខភាពមកពីប្រទេសសិង្ហបុរី និងកម្ពុជា ដើម្បីចែករំលែកជំនាញ ចំណេះដឹង និងការអនុវត្តប្រសើរបំផុត ដើម្បីជាប្រយោជន៍ដល់មនុស្សយ៉ាងហោចណាស់ ៣ម៉ឺននាក់នៅត្រឹមឆ្នាំ២០២៤។ គម្រោងនេះក៏ធ្វើដើម្បីរំឭកខួបទី២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការរវាងមូលនិធិ SIF និងប្រជាជនកម្ពុជាផងដែរ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមាន និងធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរ»។
អ្នកគ្រូសាស្ត្រាចារ្យ ចក ធីតា វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មានប្រសាសន៍ថា៖ «សុខភាពផ្លូវចិត្តគឺជាបញ្ហាធ្ងន់ធ្ងរមួយនៅកម្ពុជា ដោយមនុស្សជាច្រើនរងគ្រោះដោយស្ងៀមស្ងាត់។ ដូច្នេះ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតមានកិត្តិយសដែលបានធ្វើការងារជាមួយមូលនិធិ SIF សម្រាប់ គម្រោងពង្រឹងសេវាសុខភាពផ្លូវចិត្ត។ យើងសូមថ្លែងអំណរគុណដល់ការគាំទ្រ និងមិត្តភាពដ៏កក់ក្តៅពីក្រុមការងារស្ម័គ្រចិត្តមកពីសិង្ហបុរី ដែលចង់ចែករំលែកជំនាញរបស់ពួកគេជាមួយបុគ្គលិកថែទាំសុខភាពរបស់យើង។ យើងរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការសំខាន់កាន់តែច្រើនថែមទៀតជាមួយ SIF នៅឆ្នាំខាងមុខ»។
គម្រោងពង្រឹងសេវាសុខភាពផ្លូវចិត្ត គឺជាគំនិតផ្តួចផ្តើមថែទាំសុខភាពផ្លូវចិត្តទី៣ របស់មូលនិធិ SIF នៅកម្ពុជា។ គម្រោងនេះកើតមានឡើងបន្ទាប់ពីទទួលបានជោគជ័យលើគម្រោងកសាងសមត្ថភាពកន្លងមកក្នុងរាជធានីភ្នំពេញ នៅពេលដែលក្រុមអ្នកស្ម័គ្រចិត្ត SIVs ដែលជាគ្រូពេទ្យឯកទេស បានបណ្តុះបណ្តាលអ្នកអាជីពថែទាំសុខភាពកម្ពុជាក្នុងវិស័យសុខភាពផ្លូវចិត្តកុមារ (ឆ្នាំ២០០២-២០០៤) និងការផ្តល់ប្រឹក្សាសម្រាប់កុមារស្ថិតក្នុងហានិភ័យ (ឆ្នាំ២០០៧)។
ការណ៍នេះបានបង្កើតឱ្យមានគ្រូបណ្តុះបណ្តាល Master Trainers កម្ពុជាជាង ៥០នាក់ ដើម្បីផ្តល់ការថែទាំកាន់តែប្រសើរសម្រាប់កុមារជួបបញ្ហា និងកុមារមានជំងឺផ្លូវចិត្ត និងគ្រួសាររបស់ពួកគេ។
គម្រោងពង្រឹងសេវាសុខភាពផ្លូវចិត្ត ក្នុងរាជធានីភ្នំពេញ ក៏ធ្វើឡើងដើម្បីរំឭកព្រឹត្តិការណ៍ដ៏អស្ចារ្យមួយផ្សេងទៀតផងដែរ ពោលគឺជាមិត្តភាពរយៈពេល ២០ឆ្នាំរវាងមូលនិធិ SIF និងប្រទេសកម្ពុជាដើម្បីធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរ និងកសាងមិត្តភាពជានិរន្តន៍រវាងប្រជាជនសិង្ហបុរី និងប្រជាជនកម្ពុជា។
នៅកម្រិតពិភពលោកវិញ គម្រោងនេះចូលរួមចំណែកដល់គោលដៅទី៣ (សុខភាពនិងសុខុមាលភាពល្អ) និងគោលដៅទី ៧ (ភាពជាដៃគូសកលសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព) នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
អំពីមូលនិធិអន្តរជាតិសិង្ហបុរី (SIF)
មូលនិធិអន្តរជាតិសិង្ហបុរី (SIF) បង្កើតមិត្តដើម្បីធ្វើឱ្យពិភពលោកកាន់តែប្រសើរ។ យើងកសាងមិត្តភាពជានិរន្តរន៍រវាងប្រជាជនសិង្ហបុរី និងសហគមន៍ពិភពលោក ហើយប្រើប្រាស់មិត្តភាពទាំងនេះដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរ និងជួយឱ្យមានការផ្លាស់ប្តូរវិជ្ជមាន។ ការងាររបស់យើងមានមូលដ្ឋានលើជំនឿដែលថា ទំនាក់ទំនងអន្តរវប្បធម៌ផ្តល់ការយល់ដឹងស៊ីជម្រៅដែលពង្រឹងការយល់ដឹង។ ការដោះដូរទាំងនេះជំរុញឱ្យមានសកម្មភាព និងផ្តល់លទ្ធភាពឱ្យមានកិច្ចសហប្រតិបត្តិការដើម្បីទទួលបានលទ្ធផលល្អ។ កម្មវិធីរបស់យើងនាំយកមនុស្សមករួមគ្នាដើម្បីចែករំលែកគំនិត ជំនាញ និងបទពិសោធក្នុងវិស័យនានាដូចជា ការថែទាំសុខភាព ការអប់រំ សិល្បៈ និងវប្បធម៌ ព្រមទាំងជីវភាពរស់នៅ និងអាជីវកម្ម។ យើងធ្វើកិច្ចការទាំងនេះ ដោយសារយើងជឿថា យើងទាំងអស់គ្នាអាច និងគួរតែធ្វើកិច្ចការរបស់យើងដើម្បីកសាងពិភពលោកមួយឱ្យកាន់តែប្រសើរ ពោលគឺជាកិច្ចការមួយដែលយើងមើលឃើញថាជាសន្តិភាព បរិយាបន្ន និងការផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.sif.org.sg
អំពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (KSFH)
មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (KSFH) គឺជាមន្ទីរពេទ្យរដ្ឋដ៏ធំបំផុតក្នុងប្រទេសកម្ពុជា ដែលមាន២៧ ផ្នែក។ មន្ទីរពេទ្យនេះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៦០។ គួរកត់សម្គាល់ផងដែរថា ផ្នែកព្យាបាលជំងឺផ្លូវចិត្តបានបើកតាំងពីឆ្នាំ១៩៩២ និងមានបណ្តុះបណ្តាលនិស្សិតឯកទេសវិកលវិទ្យាក្នុងឆ្នាំ១៩៩៤។ មន្ទីរពេទ្យនេះមានការសហការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិទាក់ទងនឹងការអនុវត្តមូលដ្ឋានគ្លីនិក ការបណ្តុះបណ្តាល ការស្រាវជ្រាវដោយចែករំលែកនូវចំណេះដឹង បទពិសោធ និងជំនាញសម្រាប់ពង្រឹងនូវការថែទាំ និងព្យាបាលសុខភាព។ លើសពីនេះទៅទៀត សាស្រ្តាចារ្យក្នុងមន្ទីរពេទ្យខ្មែរសូវៀតភាគច្រើនជាសាស្រ្តាចារ្យដែលបង្រៀននៅតាមសាកលវិទ្យាល័យវេជ្ជសាស្ត្រផ្សេងៗ
សម្រាប់ព័ត៌មានបន្ថែម៖
អ្នកនាង Nessi Nasrudin
ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង និងចូលរួម (Communications & Engagement Division)
មូលនិធិអន្តរជាតិសិង្ហបុរី (SIF)
អ៊ីមែល៖ nessi.nasrudin@sif.org.sg
ទូរស័ព្ទ៖ (65) 9060 6477 ៕

Caption: The Singapore International Foundation (SIF) and Khmer-Soviet Friendship Hospital (KSFH) launched the Enhancing Mental Healthcare Services Project in Phnom Penh. The virtual launch was attended by:
(top row, from left) 1) SIF Governor Ms Lee Huay Leng, 2) Dr Sotheara Chhim, Executive Director, Transcultural Psychosocial Organisation Cambodia, 3) A/Prof Daniel Fung, Chief Executive Officer, Institute of Mental Health Singapore, 4) His Excellency Prof Ngy Meng, Director, Khmer-Soviet Friendship Hospital (KSFH),
(bottom row, from left) 1) Dr Jared Ng, Senior Consultant Emergency & Crisis Services, Institute of Mental Health Singapore, 2) Dr J. Bhoomikumar, Director and Consultant Child Psychiatrist, Centre for Child and Adolescent Mental Health Cambodia, 3) Prof Chak Thida, MD, Psychiatrist, and Vice Director, KSFH, and 4) Mr Alvin Koh, Deputy Chief of Mission, Embassy of the Republic of Singapore – Cambodia.
ចំណងជើងរូបថត៖ មូលនិធិអន្តរជាតិសិង្ហបុរី (SIF) និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (KSFH) បានដាក់ដំណើរការ គម្រោងពង្រឹងសេវាថែទាំសុខភាពផ្លូវចិត្ត ក្នុងរាជធានីភ្នំពេញ។ កម្មវិធីដាក់ដំណើរការតាមអនឡាញនេះមានការចូលរួមពី៖
(ជួរលើ ពីឆ្វេងទៅស្តាំ) ១) អ្នកនាង Lee Huay Leng ប្រធានមូលនិធិ SIF ២) វេជ្ជ. ឈឹម សុធារ៉ា, នាយកប្រតិបត្តិ, អង្គការចិត្តសង្គម អន្តរវប្បធម៌ កម្ពុជា ៣) សាស្ត្រាចារ្យ Daniel Fung នាយកប្រតិបត្តិវិទ្យាស្ថានសុខភាពផ្លូវចិត្តសិង្ហបុរី ៤) ឯកឧត្ដមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត។
(ជួរក្រោម ពីឆ្វេងទៅស្តាំ) ១) វេជ្ជបណ្ឌិត Jared Ng អ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកសេវាសង្រ្គោះបន្ទាន់និងវិបត្តិនៃវិទ្យាស្ថានសុខភាពផ្លូវចិត្តសិង្ហបុរី ២) វេជ្ជ. ប៊ូមីកុមារ, នាយក និងអ្នកប្រឹក្សាវិកលវិទ្យាកុមារ, មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ និងយុវវ័យ ៣) សាស្ត្រាចារ្យ ចក ធីតា, វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា, អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៤) លោក Alvin Koh អនុប្រធានផ្នែកបេសកកម្មនៃស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា