ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍បញ្ជាក់ថា «ក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតចំពោះគោលនយោបាយស្រោចស្រពវ៉ាក់សាំងចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាព»។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា នៅវត្តសាមគ្គីគិរីស្ទឹងឆាយ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ទៀតថា “ដោយសារតែគោលនយោបាយនេះ ទទួលបានជោគជ័យ ទើបយើងបានឃើញមានអ្នកមកចូលរួមនឹងជោគជ័យរបស់យើង ដោយបានផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់មកឱ្យយើង ព្រោះយើងបានធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ។ ប្រសិនបើសម្តេចតេជោ មិនបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ប្រកបដោយការទទួលខុសត្រូវតាមរយៈការវាយតម្លៃលើស្ថានការណ៍ និងពិចារណាវិនិច្ឆ័យក្នុងការអារកាត់បានរហ័សទាន់ពេលវេលាទេនោះ គឺវិនាសកម្មនឹងមានសភាពធំធេង និងច្រើនលើសលប់ពីអ្វីដែលបានកើតឡើង។ ឥឡូវនេះ យើងបានឈានទៅដល់ការចាក់វ៉ាក់សាំងដុសជំរុញ ដើម្បីឳ្យគ្រប់ និងជួយបង្កើននូវភាពស៊ាំ បន្ថយការឈឺធ្ងន់ និងបន្ថយការឆ្លងរីករាលដាលនៅក្នុងសហគមន៍របស់យើង។ ចំណុចពិសេសរបស់រាជរដ្ឋាភិបាលយើង គឺប្រកាន់យកគោលនយោបាយចាក់វ៉ាក់សាំង និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃផងដែរ”។
ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ក៏សូមអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យទៅចាក់វ៉ាក់សាំង ក៏ដូចជាដូសជំរុញលើកទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមបានក្រើនរម្លឹកថា ទោះបីជាយើងមានវ៉ាក់សាំងក៏ដោយ ក៏យើងត្រូវអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលនូវវិធាន «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ទើបអាចការពារយើងបានទាំងអស់គ្នា ជាពិសេសនៅអំឡុងពេលដែលមេរោគបម្លែងថ្មី អូមីក្រុង ដែលកំពុងរាតត្បាតនាពេលបច្ចុប្បន្ននេះ។ ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា យើងមិនចង់ឃើញការបាត់បង់ជីវិតទេ ព្រោះប្រទេសយើងធ្លាប់ងើបពីសង្គ្រាម ហេតុនេះរាល់ជីវិតយើងជាកូនខ្មែរ យើងត្រូវតែថែរក្សា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមជាមួយនឹងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលលោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច។

សូមជម្រាបថា ពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តសាមគ្គីគិរីស្ទឺងឆាយ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងជាតំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការទ័ពជើងគោក ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ពព្រះសីហនុ ស្រុកកំពង់សីលា កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូបទៀត៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


