កណ្តាល ៖ តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានឲ្យដឹងថា មានករណីក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានលង់ទឹកទន្លេស្លា.ប់កាលពីថ្ងៃទី២៥កុម្ភៈ២០២២
វេលាម៉ោង១២និង៥០នាទី នៅចំណុចមាត់ច្រាំងទន្លេមេគង្គ ភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះខាងលើមានឈ្មោះ វាសនា ស្រីនៅ ភេទស្រី អាយុ១៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។
តាមការបំភ្លឺរបស់ឈ្មោះភឹម រស្មី បញ្ជាក់ថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះឈ្មោះ វាសនា ស្រីនៅ ឈ្មោះ ភឹម រស្មី និង ឈ្មោះ សេង រតនាសោភ័ណ្ឌ បាននាំគ្នាចុះងូតទឹកទន្លេ នៅចំណុចកើតហេតុខាងលើ, ដំបូងមានមនុស្សចាស់បីនាក់ ងូតទឹកនៅទីនោះដែរ ក្រោយមកពួកគាត់ បានឡើងទៅផ្ទះមុន ពេលនោះឈ្មោះ វាសនា ស្រីនៅ និងឈ្មោះ សេង រតនាសោភ័ណ្ឌ ចេញទៅងូតទឹកឆ្ងាយពីមាត់ច្រាំង ហើយឈ្មោះ ភឹម រស្មី បានប្រាប់ថា កំទៅឆ្ងាយៗពេកប្រយ័ត្នលង់ទឹក ស្រាប់តែភ្លាមនោះឈ្មោះ វាសនា ស្រីនៅ និង ឈ្មោះសេង រតនាសោភ័ណ្ឌ ក៏លង់ទឹកហើយបានលើកដៃឲ្យជួយ ឈ្មោះ ភឹម រស្មី ក៏បានបោះឬស្សីឲ្យ ឈ្មោះសេង រតនាសោភ័ណ្ឌ តោងហើយទាញមកច្រាំង និងបានបោះធុងកាដុងប្រេងឲ្យ ឈ្មោះ វាសនា ស្រីនៅ តោងតែឈ្មោះ វាសនា ស្រីនៅ ចាប់មិនជាប់ក៏លិចបាត់ចូលទៅក្នុងទឹក បន្ទាប់មក ឈ្មោះ ភឹម រស្មី និងឈ្មោះសេង រតនាសោភ័ណ្ឌ បាននាំគ្នារត់ទៅប្រាប់ឪពុកម្តាយជនរងគ្រោះ ទើបឪពុកម្តាយជនរងគ្រោះ បាននាំគ្នាមករាវរកជនរងគ្រោះ នៅក្នុងទឹករហូត ដល់វេលាម៉ោង១៦និង១០នាទីរសៀលថ្ងៃដដែល ទើបឃើញជនរងគ្រោះ ក៏ស្រង់ពីក្នុងទឹក តែជនរងគ្រោះបានស្លា.ប់បាត់ទៅហើយ ។

តាមការពិនិត្យសាកសព របស់សមត្ថកិច្ចជំនាញកោសល្យវិច័យ បានបញ្ជាក់ឲ្យដឹងថា សាកសព មានទឹកចេញតាមច្រមុះនិងមាត់ ពោះមានទឹក ក្រចកដៃពណ៌ស្វាយ មានដីក្នុងក្រចកក្រៅពីនោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
ការសន្និដ្ឋានជនរងគ្រោះស្លា.ប់ដោយសារលង់ទឹក
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សពក្មេងស្រីខាងលើ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

