រតនគិរី ÷ មេឈ្មួញរកស៊ីឈើម្នាក់ នៅខេត្តរតនគិរី ឈ្មោះមករា គឺតែងតែប្រើរថយន្តសាំយ៉ុងដឹកជញ្ជូនឈើពីស្រុកវ៉ើនសៃ ទៅលក់ឱ្យឈ្មួញជនជាតិវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ ឈ្មួញរកស៊ីឈើដែលមានខ្នងបង្អែក នៅពីក្រោយក្នុងខេត្តនេះ សមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាបនោះទេ។

តាមប្រភពព័ត៌មានឱ្យដឹងថា មេឈ្មួញឈ្មោះមករា បានដាក់កម្មករប្រមូលឈើពីស្រុកវ៉ើនសៃ រួចដឹកជញ្ជូនមកទម្លាក់នៅឃ្លាំងក្នុងក្រុងបានលុង រង់ចាំដល់យប់ស្ងាត់ ទើបដឹកបន្ដតាមផ្លូវជាតិលេខ៧៨ ឆ្ពោះទៅច្រកទ្វារអន្ដរជាតិអូរយ៉ាដាវដោយរលូន។
ប្រភពដដែលបានឲ្យដឹងថា មេឈ្មួញឈ្មោះមករា បានប្រើរថយន្ដសាំយ៉ុងបួនប្រាំគ្រឿង ពាក់ស្លាកលេខតែ១ ដឹកជញ្ជូនឈើទៅលាក់នៅក្នុងចម្ការស្វាយចន្ទីមួយកន្លែង នៅកៀកព្រំដែនអូរយ៉ាដាវ ក្បែរអង់តែនបង្គោលទូរស័ព្ទសិន ដើម្បីងាយស្រួលបើកភ្លើងខៀវ ពីសមត្ថកិច្ចដឹកទៅលក់ឲ្យវៀតណាម។

ពាក់ព័ន្ធការដឹកជញ្ជូនឈើរបស់មេឈ្មួញឈ្មោះមករានោះ លោកហុង ភា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដរតនគិរី កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ប្រាប់អ្នកកាសែតឲ្យដឹងតាមទូស័ព្ទថា រឿងឈ្មួញដឹកជញ្ជ្ជូនឈើទៅលក់ឲ្យវៀតណាមនោះ គេបានប្រាប់ក្រុមការងាររួចអស់ហើយ។
លោកនាយខណ្ខរដ្ឋបាលព្រៃឈើខេត្ដរតនគិរី មិនបានបញ្ជាក់ពីវិធានការផ្លូវច្បាប់ណាមួយ ដើម្បីទប់ស្កាត់សកម្មភាព ដឹកជញ្ជូនឈើ ដែលមានឈ្មោះងួន សុវណ្ណា នៅពីក្រោយខ្នងឈ្មួញឈើឈ្មោះមករានោះទេ។
ផ្ទុយពីនេះ មេឈ្មួញឈ្មោះមករា អ្នកខេត្តរតនគិរី គេស្គាល់ច្បាស់ណាស់ នៅតែគ្មានសមត្ថកិច្ចណា បង្រ្កាបករណីដឹកជញ្ជូនឈើ ពីខេត្តរតនគិរី ទៅប្រទេសវៀតណាម។
លោកញ៉ែម សំអឿន អភិបាលខេត្ដរតនគិរី មិនអាចសុំការពន្យល់បានទេ ជុំវិញការចុះទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើ ឆ្លងដែនទៅក្រៅប្រទេសខាងលើនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






