Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាលប៉ុស្តិ៍ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បើកឱ្យឈ្មួញ ដឹកឈើទៅវៀតណាម

រតនគិរី ÷ មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី រងការចោទថា បានបើកដៃឲ្យឈ្មួញឈើឈ្មោះមករា ដឹកឈើឆ្លងដែន ទៅប្រទេសវៀតណាម ។
ប្រភពព័ត៌មានបានឲ្យដឹងថា មេឈ្មួញរកស៊ីឈើ ដ៏ល្បីឈ្មោះម្នាក់ នៅខេត្តរតនគិរីឈ្មោះមករា គឺតែងតែប្រើរថយន្តសាំយ៉ុងដឹកជញ្ជូនឈើ ពីស្រុកវ៉ើនសៃ ចូលមកក្រុងបានលុង និងបន្តដឹកទាំងយប់តាមផ្លូវជាតិលេខ៧៨A ទៅសម្ងំក្នុងចម្ការស្វាយចន្ទីមួយកន្លែង ក្បែរបង្គោលអង់តែនទូរស័ព្ទ នៅកៀកនឹងព្រំដែន។
ប្រភពបានឲ្យដឹងទៀតថា បារ៉ាស់ព្រំដែនច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ជាមួយខេត្តយ៉ាឡាយ ប្រទេសវៀតណាម គេមិនបើកឱ្យរថយន្តឆ្លងនៅពេលយប់ទេ។


ហេតុនេះហើយបានជាឈ្មួញឈើឈ្មោះមករា ដឹកឈើតាមរថយន្តសាំយ៉ុង ទៅសម្ងំនៅក្បែរព្រំដែន ដើម្បីងាយស្រួលនិយាយត្រូវរ៉ូវគ្នា ជាមួយមន្ត្រីប្រចាំច្រកទ្វារ ហើយពេលបើកបារ៉ាស់ព្រំដែន ទើបឲ្យរថយន្តដឹកឈើឆ្លងទៅវៀតណាម។
ប្រភពបានបន្តថា បារ៉ាស់ការពារព្រំដែនជាទូទៅ គេបើកឲ្យទំនិញឆ្លងកាត់ចាប់ពីម៉ោងជាង៧ព្រឹក ហើយពេលនោះរថយន្តដឹកឈើ របស់មេឈ្មួញឈ្មោះមករា ក៏បានឆ្លងដែនទៅប្រទេសវៀតណាម ជាមួយរថយន្តដឹកកសិផលផ្សេងទៀតតែម្តង។


ចំពោះរថយន្ដសាំយ៉ុង ដែលឈ្មោះមករានេះ ប្រើសម្រាប់ដឹកជញ្ជូនឈើ មានយ៉ាងតិចពីបួនទៅប្រាំគ្រឿង ពាក់ផ្លាកលេខតែមួយ។
ប្រភពបានឱ្យដឹងថា មេឈ្មួញឈើឈ្មោះមករា តែងតែសិទ្ធស្នាលជាមួយឈ្មោះកែវ តាយ អនុប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារប្រចាំព្រំដែន។ កែវ តាយ គឺជាមនុស្សជំនិតរបស់លោកមេប៉ុស្តិ៍ច្រកទ្វារឈ្មោះឃឺម ចិត្រា។ រីឯលោកមេប៉ុស្តិ៍ឈ្មោះឃឹម ចិត្រា មិនសូវនៅប្រចាំការ នៅច្រកទ្វារនោះទេ ទុកឱកាសឲ្យឈ្មោះកែវ តាយ ក្តោបក្តាប់សេដ្ឋកិច្ចឆ្លងដែនផង រកស៊ីខ្លួនឯងផង។


លោកឃឹម ចិត្រា អង្គភាពសារព័ត៌មាន CEN មិនអាចសុំការបំភ្លឺ ចំពោះការចោទប្រកាន់បាននៅឡើយទេ ព្រោះមិនមានអ្នកលើកទូរស័ព្ទ និងគ្មានការឆ្លើយតបតាមប្រព័ន្ធតេឡេក្រាម។
ពាក់ព័ន្ធការដឹកជញ្ជូនឈើរបស់មេឈ្មួញឈ្មោះមករានោះ លោកហុង ភា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដរតនគិរី បានបញ្ជាក់ប្រាប់អ្នកកាសែតឲ្យដឹងតាមទូស័ព្ទថា រឿងឈ្មួញដឹកជញ្ជ្ជូនឈើទៅលក់ឲ្យវៀតណាមនោះ គេបានប្រាប់ក្រុមការងាររួចអស់ហើយ។

លោកនាយខ័ណ្ខ មិនបានបញ្ជាក់ពីវិធានការផ្លូវច្បាប់ណាមួយ ដើម្បីទប់ស្កាត់សកម្មភាព ដឹកជញ្ជូនឈើមេឈ្មួញឈ្មោះមករានោះទេ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×