ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះហាងបាបារាំង មួយកន្លែង បណ្តាលមកពីការផ្សារដែក ធ្លាក់កម្ទេចភ្លើងបង្ករជាអគ្គិភ័យ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យមានអ្នករងរបួសឡើយ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលេខ២៨ ផ្លូវ១៣៦ ក្រុម១៧ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងខាងលើ មានឈ្មោះ ស៊ុម លាភ ភេទស្រី អាយុ ៣៤ឆ្នាំមុខរបរ ម្ចាស់ហាង Amazing។
លោកបានបន្តទៀតថា ដោយនៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ៦គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន និងរថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ។

លោកបានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ពុំបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញសម្ភារៈពិតានខាងលើ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងលើ។
យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង ១១និង០០នាទីនាថ្ងៃខែដដែរ។ ចំពោះមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការផ្សារដែកបង្កជាអគ្គិភ័យ៕ រក្សាសិទ្ធិដោយ ៖ សួង សាម






