កោះកុង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទិញយកស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃ ត្រឡប់មកវិញ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ដោយពុំចាំបាច់បង់ថ្លៃ ចាប់ពី ម៉ោង ០០:០០ នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក ។ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃ ជាការវិនិយោគដោយក្រុមហ៊ុន លី យ៉ុងផាត់ ។
ប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនជនរួមជាតិ៖ “ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយឡែក បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចទិញយក ត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃ ដែលវិនិយោគដោយក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឲបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់បង់ថ្លៃ ចាប់ពី ម៉ោង ០០:០០ នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក ។ ចំពោះកិច្ចការដែលនៅសេសសល់ សូមឲក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ ។
ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ ។
ស្ពានកោះកុង ជាស្ពានឆ្លងកាត់ដៃសមុទ្រវែងជាងគេបំផុតរបស់ប្រទេសកម្ពុជា ដែលមានប្រវែងជិត ២ គីឡូម៉ែត្រ ។ ស្ពាននេះមានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង ដែលត្រូវបានស្ថាបនាក្រោមការវិនិយោគរបស់ក្រុមហ៊ុនលីយ៉ុងផាត់ និងត្រូវបានដាក់សម្ពោធកាលពីឆ្នាំ ២០០២។ ស្ពាននេះជាបណ្តាញតភ្ជាប់យ៉ាងសំខាន់ សម្រាប់ពលរដ្ឋនិងភ្ញៀវទេសចរធ្វើដំណើរ និងផ្លាស់ប្តូរទំនិញទៅប្រទេសថៃតាមរយៈច្រកទ្វារអន្តរជាតិចាំយាម។ ដោយសារតែស្ពាននេះ វិនិយោគដោយឯកជន ដូច្នេះរាល់ការធ្វើដំណើរឆ្លងកាត់តម្រូវឲ្យបង់លុយ។ តើតម្លៃឆ្លងកាត់ស្ពានឆ្លងសមុទ្រដ៏វែងជាងគេ របស់កម្ពុជានេះ គេយកថ្លៃប៉ុន្មានដែរ។ ទោចក្រយានយន្តតម្លៃ ១.៤០០ រៀល រថយន្តកង់៤តម្លៃ ៥.៨០០រៀល រថយន្តកង់៦តម្លៃ៩.៣០០រៀល រថយន្តកង់១០តម្លៃ១៧.៤០០រៀល រថយន្តលើសពីកង់១០តម្លៃ៣៤.៧០០រៀល៕ ដោយ៖ជាលី