ភ្នំពេញ ៖ មន្ត្រីនគរបាលកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០២២ នេះ បានបញ្ជូនខ្លួនបុរសសង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះ ឧបករណ៍អាចជួញដូរបាន (សែកស្អុយ ) ជិត១លានដុល្លារអាមេរិក ដែលដែលមានដើមបណ្តឹង ២នាក់ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២១ ។

មន្ត្រីនគរបាលកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យចោទមាន ឈ្មោះ ធឿន ណារិទ្ធិ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរនាយក ក្រុមហ៊ុន « អរ អិន ឌី ប៊ី ហ្វាយនែន ភី អិល ស៊ី » (RNDB Finance PLC) មានទីស្នាក់ការ ស្ថិតនៅផ្ទះលេខ F៧. ១២៦ ផ្លូវ បុរី រតនៈ ក្នុងភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ជនសង្ស័យត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ” តាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់ប្រាក់ ។
ជនត្រូវចោទ ត្រូវកម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញនៅផ្ទះលេខ G.០៥ ស្ថិតក្នុងភូមិថ្មី សង្កាត់ស្វាយដង្គុំ ក្រុង – ខេត្តសៀមរាប ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

