ខេត្តស្ទឹងត្រែង ÷ រថយន្តវេអង១គ្រឿង ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង ឃាត់នៅលើកំណាត់ផ្លូវជាតិលេខ៧ ជាប់ព្រំប្រទល់ស្ទឹងត្រែង-ក្រចេះ ត្រង់ចំណុចអូរច្រឡង់ស្ថិតនៅក្នុងភូមិ-ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ ដែលលួចបង្កប់ឈើ ក្រោមបាវគ្រាប់ស្វាយចន្ទី។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត១គ្រឿង ដែលត្រូវសមត្ថកិច្ចឃាត់នោះ ម៉ាកវេអង ក្បាលពណ៌សលាយឆ្នូតក្រហម ពាក់ផ្លាកលេខចង្កូតស្តាំ PP-0835 បានដឹកបាវគ្រាប់ស្វាយចន្ទី លួចបង្កប់ឈើពីក្រោម។ ពេលរថយន្តនៅតាមផ្លូវបម្រុងនឹងឆ្លងពីខេត្តស្ទឹងត្រែង ទៅខេត្តក្រចេះ ក៏ត្រូវសមត្ថកិច្ចឃាត់នៅចំណុចអូច្រឡង់តែម្ដង។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីបានឆែកឆេររកឃើញឈើ ហើយបានរឹបអូសរថយន្ត មកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




