Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ស្នើឲ្យក្រសួងសាធារណការ គួរពិនិត្យពីការកំណត់ឱ្យបន្ថែមល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវទាំងឡាយណាដែលមានទំហំធំៗ

កំពត ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៣នេះ អាចរាប់ជាប្រភេទផ្លូវល្បឿនលឿនផងដែរ ព្រោះផ្លូវនេះគឺមានទទឹងផ្លូវធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ។ សម្តេចតេជោ ក៏បានស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន គួរពិនិត្យពីការកំណត់ឱ្យបន្ថែមល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវទាំងឡាយណាដែលមានទំហំធំៗបែបនេះ។

នៅព្រឹក ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ពី ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយទៀត បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោងជ្រោយ និងជោគវាសនារួមគ្នា រវាងកម្ពុជា និងចិន។
សម្តេចតេជោនាយករដ្ឋបានមានប្រសាសន៍ថា នៅសប្តាហ៍ក្រោយនេះសម្តេច និងឯកឧត្តម វ៉ាង វិនធៀន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ ជាបន្តទៀតផងដែរ ដែលជាសមិទ្ធផលដ៏ធំនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៣នេះ ក៏អាចរាប់ជាប្រភេទផ្លូវល្បឿនលឿនផងដែរ ព្រោះផ្លូវនេះគឺមានទទឹងផ្លូវធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ។ សម្តេចតេជោ ក៏បានស្នើអោយក្រសួងសាធារណការ និងដឹកជញ្ជូន គួរពិនិត្យពីការកំណត់ឱ្យបន្ថែមល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវទាំងឡាយណាដែលមានទំហំធំៗបែបនេះ។ សម្តេចតេជោ ក៏បានកោតសរសើរពីការរៀបចំដាក់កាមេរាចាប់ល្បឿនលើកំណាត់ផ្លូវជាតិលេខ៣នេះ ដែលសម្តេចចាត់ទុកថានេះ ជាការធ្វើទំនើបកម្មមួយនៃការសាងសង់ផ្លូវនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា ក្នុងដំណាក់កាលសាងសង់កំណាត់ផ្លូវជាតិលេខ៣នេះ ក៏មានផលប៉ះពាល់ជាខ្លាំងដល់ប្រជាពលរដ្ឋនៅសងខាងផ្លូវផងដែរ តែរាជរដ្ឋាភិបាលបានធ្វើការដោះស្រាយផលប៉ះពាល់ទាំងអស់នោះ ហើយក្រោយសាងសង់រួចប្រជាពលរដ្ឋនៅសងខាងផ្លូវនេះ ជាអ្នកទទួលបានប្រយោជន៍មុនគេ។​ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនឹងទទួលបានប្រយោជន៍យ៉ាងច្រើន ពីកំណាត់ផ្លូវជាតិលេខ៣នេះ ស្របពេលកម្ពុជាកំពុងពង្រីកការវិនិយោគច្រើន មកភាគនិរតីនៃប្រទេសកម្ពុជា។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរិញ) ត្រូវដាក់ក្នុងលក្ខខណ្ឌសាងសង់ពិសេសមួយ ពីព្រោះកំណាត់ផ្លូវនេះ មានការពិបាកក្នុងការសាងសង់ ដោយត្រូវប្រើបច្ចេកទេស និងចាក់គ្រឹះខ្លាំង ដូច្នេះ សម្តេចតេជោ រំពឹងថា រដ្ឋាភិបាលចិន នឹងជួយសាងសង់កំណាត់ផ្លូវនេះជាបន្តទៀត។ សម្តេចតេជោបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍បន្តថា មកដល់ពេលនេះ ចិនបានផ្តល់ថវិកាសាងសង់ផ្លូវរួចរាល់នៅកម្ពុជាមានចំនួន២៩ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ, ផ្លូវកំពុងសាងសង់ចំនួន ៣ខ្សែ ប្រវែង ៣៦៩គីឡូម៉ែត្រ សាងសង់ស្ពានរួចរាល់ចំនួន ៩ស្ពាន ប្រវែង ៨,៥៦៥ម៉ែត្រ, ស្ពានកំពុងសាងសង់ មានចំនួន១ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ ប្រវែង៩៩៦ម៉ែត្រ តម្លៃ ៥៦លានដុល្លារ ហើយថវិកាដែលរដ្ឋាភិបាលចិនផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពាន មានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក។សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ មេត្តាកុំដឹកលើសទម្ងន់កំណត់ ហើយកុំឱ្យបើកបរលើសល្បឿនកំណត់ ត្រូវគោរពច្បាប់ចរាចរណ៍ ។ មិនត្រូវបើកបរដោយមានជាតិស្រវឹង បើកបរដោយមានការទទួលខុសត្រូវ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×