Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ប្រកាសមិនលើកទឹកចិត្តឱ្យ មានការផ្តល់ជំនួយយោធា ទៅកាន់ប្រទេសអ៊ុយក្រែន , បញ្ហានេះបានធ្វើឱ្យកម្ពុជា ពិបាកក្នុងការបញ្ជាក់ជំហររបស់ខ្លួន ចំពោះសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន

កំពត ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការសន្និដ្ឋានមួយថា សង្រ្គាមនៅអ៊ុយក្រែន នាពេលនេះបានក្លាយទៅជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបទៅហើយ ចាប់តាំងពីសមាជិកមួយចំនួនរបស់ណាតូ បានបញ្ជូនសព្វាវុធ និងមនុស្សទៅជួយប្រទេសអ៊ុយក្រែន ក្នុងការប្រយុទ្ធតទល់ជាមួយនឹងកងទ័ពរុស្ស៉ី ហើយសម្តេចក៏បានប្រកាសមិនលើកទឹកចិត្តឱ្យ មានការផ្តល់ជំនួយយោធា ទៅកាន់ប្រទេសអ៊ុយក្រែន ដែលបញ្ហានេះបានធ្វើឱ្យកម្ពុជា ពិបាកក្នុងការបញ្ជាក់ជំហររបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ ស្របពេលដែលសង្រ្គាមឈ្លានរបស់រុស្ស៉ី ទៅក្នុងប្រទេសអ៊ុយក្រែន កំពុងរីកកាន់តែធំឡើងបន្តិចម្តងៗ បន្ទាប់ពីប្រទេសមួយចំនួន នៅអឺរ៉ុប បានបញ្ជូនសព្វាវុធ និងអនុញ្ញាតឱ្យពលរដ្ឋរបស់គេ ចូលរួមជាមួយអ៊ុយក្រែន ច្បាំងតទល់ជាមួយរុស្ស៉ី។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានអាស៊ានឆ្នាំ២០២២ មិនមែនជារឿងសាមញ្ញនោះឡើយ។ ពេលនេះ បញ្ហាបានកើតឡើងជាបន្តបន្ទាប់ ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង, បញ្ហានៅមីយ៉ាន់ម៉ា, នៅពេលនេះមានបញ្ហាសង្គ្រាម រុស្ស៉ី-អ៊ុយក្រែន បន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋ ហើយក៏មិនគាំទ្រការយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះទេ។

សម្តេចតេជោ បានមានប្រសាសន៍ថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នៅពេលនេះ បានក្លាយជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបហើយ។ សម្តេចតេជោនៅតែជឿថា រុស្ស៉ី និងអ៊ុយក្រែន មិនទាន់អស់ឱកាសក្នុងការចរចាគ្នានោះឡើយ ហើយសម្តេចលើកទឹកចិត្តឱ្យមានការចរចាគ្នា។ សម្តេចតេជោបានបញ្ជាក់ថា អ្វីដែលសម្តេចថ្លែងពាក់ព័ន្ធសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន គឺក្នុងនាមទស្សនៈផ្ទាល់ខ្លួនរបស់សម្តេច មិនមែនក្នុងនាមអាស៊ានឡើយ។

សម្តេចតេជោបានបន្តថា សេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ហើយពេលនេះក៏អាចប៉ះពាល់បន្ថែមទៀត ដោយសារសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឥឡូវនេះចំណោទបញ្ហាស្ថិតនៅត្រង់កន្លែងណា គឺប្រទេសនានានៅក្នុងអឺរ៉ុបបាននាំគ្នាប្រគល់ទាំងមនុស្ស ឱ្យចូលទៅជួយច្បាំងនៅអ៊ុយក្រន ប្រគល់ទាំងអាវុធ ប្រគល់ទាំងយន្តហោះចម្បាំងតទៅទៀត។ បើដូច្នោះសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន មិនមែនជាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនទៀតទេ ជាសង្គ្រាមរុស្ស៉ីជាមួយនឹងអឺរ៉ុបហើយ តាមរយៈការផ្តល់ជំនួយយោធា រហូតដល់ផ្តល់យន្តហោះ ដែលនេះជាការលើកទឹកចិត្តបន្ថែម នៃការធ្វើសង្គ្រាម។

បន្ទាប់បានបានដាក់ទ័ពឡោមព័ទ្ធប្រទេសអ៊ុយក្រែន រយៈពេលយូរមកហើយនោះ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមហេតុផលការពារសន្តិសុខរបស់ខ្លួនពីណាតូ ប្រទេសរុស្ស៉ីដែលជាមហាអំណាចយោធា បានប្រកាសបើកប្រតិបត្តិការសឹកលើប្រទេសអ៊ុយក្រែន។ ប្រតិបត្តិការសឹកថ្ងៃដំបូងនៃការវាយប្រហារនេះ បានចូលលុកលុយទៅក្បែររដ្ឋធានីកៀវរបស់អ៊ុយក្រែន ហើយអូសអន្លាយរហូតមក។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រួមទាំងសម្ព័ន្ធមិត្តផ្សេងៗទៀត បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀតទៅលើរុស្ស៉ី ខណៈដែលរុស្ស៉ី ក៏បានបញ្ជាឱ្យត្រៀមលក្ខណៈក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីជំហរកម្ពុជា ដោយមិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់កម្លាំងយោធា ដើម្បីប្រឆាំងភាគីណាមួយទេ។ យើងមិនលើកទឹកចិត្ត យើងជំទាស់ជាមួយនឹងការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើប្រាស់កម្លាំង ប្រឆាំងនឹងភាគីមួយទៀត ចំណុចនេះគេអាចយល់បាន អំពីទស្សនវិស័យនៃការបរទេសរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាន់ជំហរថា បញ្ហានៅអ៊ុយក្រែន មិនអាចសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ។ សម្តេចជឿជាក់ថា រុស្ស៉ីក៏មិនអាចផ្តួលរំលំអ៊ុយក្រែនបានដែរ ហើយអ៊ុយក្រែនក៏មិនអាចកម្ទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ។

សម្តេចតេជោជឿជាក់ថា សង្គ្រាមនៅអ៊ុយក្រែននឹងអូសអន្លាយ ហើយអាចក្លាយទៅជាសង្គ្រាមឈ្លប ប្រសិនបើរុស្ស៉ីមិនដកទ័ព ហើយពេលនោះនឹងមានមនុស្សស្លាប់ និងរបួសច្រើនថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសមិនលើកទឹកចិត្តឱ្យ មានការផ្តល់ជំនួយយោធា ទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ ដែលបញ្ហានេះបានធ្វើឱ្យកម្ពុជា ពិបាកក្នុងការបញ្ជាក់ជំហររបស់ខ្លួនដែរ។ សម្តេចបញ្ជាក់ថា នេះជាទស្សនៈរបស់សម្តេចប៉ុណ្ណោះ មិនមែនជាទស្សនៈរបស់អាស៊ាននោះទេ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×