ភ្នំពេញ : សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ២០២២នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ បុរសជាប់ចោទ ជនជាតិប៉ាគីស្ថានចំនួន ២ នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធធានាគារ កំណត់ ម្នាក់ៗ ១ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០ ។
លោក ប៉ុល សំអឿន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទទាំង ២នាក់ រូបនេះ មានឈ្មោះ ទី ១-ឈ្មោះ SHOAIB HBBAS ភេទប្រុស កើតឆ្នាំ ១៩៤៧ ជនជាតិ ប៉ាគីស្ថាន ។ ទី២ -ឈ្មោះ AMJAD ABBAS ភេទប្រុស កើត ១៩៨៣ ជនជាតិ ប៉ាគីស្ថាន ។
លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ពួកគេទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០២១ កាត់ទោស ដាក់ពន្ធនាគារកំណត់ ម្នាក់ៗ ១ ឆ្នំា និងពិន័យម្នាក់ៗ ចំនួន ៣លានរៀល សម្រាប់បង់ចូលថវិការដ្ឋ និងឲ្យរួចផុតពីបទ: ឆបោក។ តែពួកគេបានប្តឹងឧទ្ធរណ៍ ។

ពួកគេត្រូវបាន សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។
នាពេលសវនាការ, ជនជាប់ចោទ ជនជាតិប៉ាគីស្ថានទាំង ២ នាក់ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ ។
ពួកគេបានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ មេត្តា ជួយរកយុត្តិធម៌ និង សម្រេចលើកការចោទប្រកាន់ ចំពោះពួកគេ។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

