Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឲ្យម្លៃប្រេងឡើងថ្លៃនៅកម្ពុជា ខណៈសង្គ្រាមនេះពង្រីកទៅជាសង្រ្គាមរុស្ស៊ី និងអឺរ៉ុបថែមទៀត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការកើនឡើងតម្លៃប្រេងដែលផ្ដើមចេញពីសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ហើយការកើនឡើងតម្លៃនេះ បានរាលដាលនៅទូទាំងពិភពលោក និងបានមកដល់កម្ពុជា ដែលបញ្ហានេះ វាបានបន្ថែមបន្ទុកសេដ្ឋកិច្ចពីលើផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលអូសបន្លាយជាង២ឆ្នាំហើយ, លើសពីនេះទៀត សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ដែលបានឈានចូលដល់ថ្ងៃទី០៧នេះ វាបែរជាបានក្លាយទៅជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបទៅហើយ ចាប់តាំងពីសមាជិកមួយចំនួនរបស់ណាតូ បានបញ្ជូនសព្វាវុធ និងមនុស្សទៅជួយប្រទេសអ៊ុយក្រែន ក្នុងការប្រយុទ្ធតទល់ជាមួយនឹងកងទ័ពរុស្ស៉ី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងបែបនេះក្នុងឱកាសសម្តេចអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២, ដោយសម្ដេច បញ្ជាក់ថា នេះគឺជាការព្រួយបារម្ភ ចំពោះសេដ្ឋកិច្ចកម្ពុជា ដែលអាចរងផលប៉ះពាល់ ដោយសារការកើនឡើងនៃតម្លៃប្រេងនៅលើពិភពលោក ដែលរុញច្រានឲ្យមានការកើនឡើងអតិផរណា ដោយសារកម្ពុជា ជាប្រទេសនាំចូលប្រេងទាំងស្រុង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលយើង បាន និងកំពុងមើលឃើញ ប៉ះពាល់ដល់ពិភពលោកសព្វថ្ងៃ គឺប្រេងឡើងថ្លៃ ព្រោះរុស្ស៉ីក៏ជាប្រទេសផលិតប្រេងមួយដ៏ធំ ឥឡូវប្រេងចាប់ឡើងថ្លៃ នេះ ជាផលប៉ះពាល់ដែលចេញពីសង្គ្រាមនៅ រុស្ស៉ី និងអ៊ុយក្រែន ដែលចាប់ផ្តើមដំបូងអាចនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ដែលកំពុងញុំាញីដោយជំងឺកូវីដ-១៩ បានក្លាយទៅជាការដាក់បន្ទុកបន្ថែម ទៀតចេញពីសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។ សេដ្ឋកិច្ចរបស់កម្ពុជា រងផលប៉ះពាល់ពីកូវីដ-១៩ ក៏ប៉ុន្តែអាចនឹងរងផលប៉ះពាល់បន្ថែមទៀត ដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែននេះឯង ហើយវាថែមទាំងកំពុងតែពង្រីកទៅជាសង្គ្រាមរុស្ស៉ីជាមួយនឹងអឺរ៉ុបថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ឥឡូវនេះចំណោទបញ្ហាស្ថិតនៅត្រង់កន្លែងណា? គឺប្រទេសនានានៅក្នុងអឺរ៉ុបបាននាំគ្នាប្រគល់ទាំងមនុស្ស ឱ្យចូលទៅជួយច្បាំងនៅអ៊ុយក្រែន , ប្រគល់ទាំងអាវុធ ប្រគល់ទាំងយន្តហោះចម្បាំងតទៅទៀត បើដូច្នោះ សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន មិនមែនជាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនទៀតទេ គឺជាសង្គ្រាមរុស្ស៉ីជាមួយនឹងអឺរ៉ុបទៅហើយ តាមរយៈការផ្តល់ជំនួយយោធា រហូតដល់ផ្តល់យន្តហោះ ដែលនេះជាការលើកទឹកចិត្តបន្ថែម នៃការធ្វើសង្គ្រាម។ បើនិយាយពីកម្ពុជាវិញ ជំហរកម្ពុជា គឺមិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់កម្លាំងយោធា ដើម្បីប្រឆាំងភាគីណាមួយទេ។

ទាក់ទងនឹងតម្លៃប្រេងឡើងថ្លៃវិញ យើងបានមើលឃើញផលប៉ះពាល់ ដល់ពិភពលោកនិយាយជារួម, និងនិយាយដោយឡែក ចំពោះកម្ពុជា គឺប្រេងឡើងថ្លៃ ហើយនឹងអាចរុញអតិផរណា នៅតាមបណ្តាប្រទេសផ្សេងៗឲ្យកើនខ្ពស់ ដោយសារតម្លៃប្រេងឡើងខ្ពស់នេះឯង។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជនកម្ពុជា សុំការយោគយល់ចំពោះការកើនឡើងនៃតម្លៃប្រេងសាំងនេះ ហើយការកើនឡើងតម្លៃប្រេងនេះ មិនមែនកើតឡើងតែនៅកម្ពុជានោះទេ គឺប្រទេសផ្សេងៗនៅលើពិភពលោកសុទ្ធតែរងផលប៉ះពាល់ដូចគ្នា៕ ក្សាសិទ្ធិដោយ​ ៖ ពិសិដ្ឋ CEN

×