ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ នគរបាលជាតិកម្ពុជា បានរៀបចំពិធីបើកសន្និសីទអាស៊ានណាប៉ូល លើកទី៤០ (ASEANAPOL CONFERENCE 40th) ក្រោមប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្ត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រារព្ធនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសន្និសីទអាស៊ានណាប៉ូល លើកទី ៤០ ឯកឧត្តមប្រធានគណៈប្រតិភូនគរបាលនៃប្រទេសជាសមាជិកអាស៊ាន ប្រទេស និងស្ថាប័នដៃគូពិភាក្សា អ្នកសង្កេតការណ៍ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃប្រទេសសមាជិកអាស៊ានប្រចាំនៅកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធអង្គពិធីមួយចំនួនទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសន្និសីទអាស៊ានណាប៉ូលលើកទី៤០ បានគូសបញ្ជាក់ថា សន្និសីទអាស៊ានណាប៉ូលលើកទី៤០ ដែលប្រារព្ធឡើងនេះ គឺជាវេទិកាជួបជុំជាប្រពៃណីប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំកងកម្លាំងនគរបាល នៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។

ឯកឧត្តមនាយឧត្តមសន្តិបណ្ឌិតអគ្គស្នងការ បានរម្លឹកថា នគរបាលកម្ពុជាត្រូវបានប្រគល់តួនាទីឱ្យធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទ អាស៊ានណាប៉ូលលើកទី៤០ កាលពីឆ្នាំ២០២០ ប៉ុន្តែត្រូវខកខានរយៈពេល២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយថានគរបាលកម្ពុជានាពេលនេះ ពិតជាមានសេចក្តីរីករាយដែលអាចរៀបចំសន្និសីទនេះដោយផ្ទាល់ស្របពេលកម្ពុជា និងបណ្ដាប្រទេសនានាបានបើកឱ្យដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ។
ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បន្តថា សន្និសីទអាស៊ានណាប៉ូល មានសារៈសំខាន់សម្រាប់ការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូ និងភាពខ្លាំងក្នុងកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក ពិសេសក្នុងសភាពការណ៍បច្ចុប្បន្នដែលត្រូវការការលើកកម្ពស់សុខភាពសាធារណៈជាសកល សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ ឯកឧត្តម បានចាត់ទុកវត្តមានអង្គពិធីនាឱកាសនេះ ថាជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីជំហរយ៉ាងរឹងមាំប្រកបដោយទស្សនៈសុទិដ្ឋិនិយមក្នុងការចូលរួមចំណែកស្វែងរកយុទ្ធសាស្ត្រ វិធីសាស្ត្រ និងវិធានការមានសក្តានុពលដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាព ការពារផលប្រយោជន៍ និងភាពសុខដុមរមនាជូនប្រជាពលរដ្ឋ ធានាស្ថិរភាព និងសុវត្ថិភាពសង្គមយូរអង្វែងក្នុងតំបន់។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានហៅការរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤០ នាឆ្នាំ២០២២នេះ ថាជាការបើកទំព័រថ្មីសម្រាប់កងកម្លាំងនគរបាលនៃប្រទេសជាសមាជិកអាស៊ាន ដ្បិតព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងក្នុងខណៈពេលពិភពលោកទាំងមូលនិយាយជារួម និងដោយឡែកតំបន់អាស៊ានកំពុងខិតខំរើបម្រះខ្លួនចេញពីការគំរាមកំហែងប្រកបដោយហានិភ័យនៃជំងឺកូវីដ-១៩ ឆ្ពោះទៅកាន់គន្លងប្រក្រតីថ្មី ដើម្បីវិបុលភាព និងការរីកចម្រើន។
សម្ដេចក្រឡាហោម បានបន្ថែមថា កងកម្លាំងនគរបាល នៃប្រទេសសមាជិកអាស៊ាន មានភារកិច្ចជាចាំបាច់ក្នុងការបង្កើតនូវបរិស្ថានសន្តិសុខគាប់ប្រសើរ ជាបង្អែកយ៉ាងរឹងមាំក្នុងការគាំពារដល់កិច្ចដំណើរការអភិវឌ្ឍន៍លើគ្រប់វិស័យ និងពង្រឹងពង្រីកវិសាលភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងអន្តរតំបន់ សំដៅជួយគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាប្រឈមនានា បង្កើតបាននូវវប្បធម៌រួបរួមគ្នាប្រយុទ្ធប្រឆាំងរាល់ទម្រង់នៃបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ និងប្រកៀកស្មាគ្នាដោយគ្មានការរើសអើងតស៊ូទប់ទល់នឹងកូវីដ-១៩។
ក្នុងស្មារតីបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការអាស៊ានឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការគាំទ្រលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងនានាស្របតាមខ្លឹមសារនៃប្រធានបទអាស៊ានណាប៉ូលលើកទី៤០ សម្ដេចក្រឡាហោម បានផ្ដល់អនុសាសន៍ មួយចំនួនទៅកាន់អង្គពិធី ពាក់ព័ន្ធនឹងការអនុវត្តសេចក្តីថ្លែងការណ៍រួមនៃសន្និសីទអាស៊ានណាប៉ូលលើកទី៣៩ ព្រមទាំងបន្តពិភាក្សា រិះរកនូវវិធានការគន្លឹះនានា ដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមរបឭស់សន្និសីទអាស៊ានណាប៉ូលលើកទី៤០ ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវសម្រាប់រួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងគ្រប់ទម្រង់ថ្មីៗ។

សម្ដេចក្រឡាហោម បានផ្ដល់ការលើកទឹកចិត្តអាស៊ានណាប៉ូល បន្តពង្រីកទំនាក់ទំនង បង្កើតបន្ថែមទៀតនូវដៃគូសន្ទនា សំដៅប្រមូលផ្តុំនូវថាមពលគាំទ្រធ្វើឱ្យសហគមន៍អាស៊ាន កាន់តែរឹងមាំ និងលេចធ្លោប្រកបដោយកិត្យានុភាព។ សម្ដេចក៏បានណែនាំគណៈកម្មការជំនាញនីមួយៗ គប្បីរិះរកនូវមធ្យោបាយ ឬវិធីសាស្ត្រគន្លឹះសំដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ តាមគ្រប់ទម្រង់ និងគ្រប់រូបភាព ដើម្បីរក្សាស្ថិរភាព សន្តិសុខ និងសុវត្ថិភាពសង្គម
ក្នុងនោះក៏មានការស្វែងរកវិធីសាស្ត្រក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងការបង្ការ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន នៅក្រោយបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យអាស៊ានណាប៉ូល យកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហការជាមួយដៃគូពិភាក្សា ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងធនធានមនុស្ស បង្កើតឱ្យបាននូវតុល្យភាពរវាងដៃគូសហប្រតិបត្តិការអនុវត្តច្បាប់ទាំងក្នុង និងក្រៅតំបន់ ដោយមានផែនការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ រវាងកងកម្លាំងអនុវត្តច្បាប់ ខណៈសមត្ថភាពជំនាញវិជ្ជាជីវៈ រវាងកងកម្លាំងអនុវត្តនៃបណ្ដាប្រទេសអាស៊ានណាប៉ូល នៅមិនទាន់មានតុល្យភាព ធ្វើឱ្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការនៅមានកម្រិត៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








