ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនស្រ្តី សង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ចេញសែកស្អុយ ដែលមានតម្លៃជិត ២០ ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ នៅក្នុងឆ្នាំ ២០២១។
យោងតាមរបាយការណ៍របស់នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ជា លាងទី អាយុ៥២ឆ្នាំ ភេទស្រី មុខ របរពាណិជ្ជករ មានទីលំនៅផ្ទះលេខ៦១៣ ផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស្រី្តសង្ស័យ ត្រូវបានជាប់ចោទប្រកាន់ពីបទ: មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់។

ជនសង្ស័យ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ តាមពាក្យបណ្ដឹងរបស់ភាគី ដើមបណ្ដឹងឈ្មោះ ឡាយ គឹមហុង ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ២០៣អឺសេរ៉ូ ផ្លូវ១០៧ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បច្ចុប្បន្ននេះ ស្រ្តីសង្ស័យកំពុងត្រូវបាន សាកសួរចម្លើយ នៅឯអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

