ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉េដឹកសំបកស្រូវសាឡីមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ដល់ស្តុបផ្លូវបំបែកជាបួន វ៉ាក់អើជាមួយរថយន្ត highlander ក៏បួងចង្កូតគេចក្រឡាប់ផ្ងារជើងខ្លួនឯង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី ៣ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនឹងផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តកូរ៉េដឹកសំបកស្រូវសាឡីមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 3G-2262 បើកបរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្តុប ២៤ម៉ោងកែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក៏វ៉ាក់អើនិងរថយន្តហាយឡិនឌ័រ បើកបរនៅពីខាងមុខរួចបួងចង្កូត គេចមកខាងស្ដាំដៃក៏ក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់តៃកុង និងអ្នករួមដំណើរតាមផ្លូវ រង់ការខូចខាតតែរថយន្តតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏ពិនិត្យនឹងរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកពិនិត្យដោយមិនមានគ្រោះថ្នាក់ ដល់អ្នកដទៃមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ក៏ធ្វើកំណត់ហេតុប្រគល់ឲ្យម្ចាស់វិញ រួចហៅរថយន្តស្ទូចមកស្ទូច យករថយន្តទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ ៖ សា មេត


