ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តឱ្យអាស៊ានណាប៉ូល បន្តកិច្ចសហប្រតិបត្តិការគ្នាថែមទៀត ដើម្បីទប់ស្កាត់ឱ្យខានតែបាននូវអំពើភេរវកម្មទាំងឡាយ ដែលនឹងប្រែក្លាយអាស៊ាន ឱ្យទៅជាអាស៊ានសេរ៉ូភេរវកម្ម ។
សម្តេចក៏បានលើកទឹកចិត្តផងដែរ ឱ្យអាស៊ានណាប៉ូលទាំងអស់ចែករំលែកនូវបទពិសោធន៍ព័ត៌មាន ហើយក៏ចង់ឲ្យអាស៊ានណាប៉ូល ក្លាយជាឯកអគ្គរដ្ឋទូត ដើម្បីពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសផង និងជំរុញពាណិជ្ជកម្មរវាងប្រទេសអាស៊ានក្នុងតំបន់ផង។

ការលើកទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូអាស៊ានណាប៉ូល នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍គណៈប្រតិភូអាស៊ានណាប៉ូល និងបានសម្ដែងនូវអំណរគុណ ជូនដល់ប្រតិភូអាស៊ានណាប៉ូលទាំងអស់ ដែលបានអញ្ជើញមកចូលរួមសន្និសីទលើកទី៤០ របស់អាស៊ានណាប៉ូល នៅរាជធានីភ្នំពេញ ជាពិសេស នៅពេលដែលជំងឺកូវីដ-១៩ កំពុងតែរាតត្បាតពិភពលោក។ សម្តេចតេជោបានបន្តថា កម្ពុជា ក៏ជាប្រទេសមួយដែលរងនូវការរាតត្បាតជំងឺកូវីដ-១៩ ដែរ ប៉ុន្តែដោយការចាក់ស្រោចវ៉ាក់សាំងទៅលើប្រជាពលរដ្ឋដែលរស់នៅកម្ពុជា មិនថាតែប្រជាពលរដ្ឋកម្ពុជាទេ ទាំងប្រជាពលរដ្ឋបរទេសផងដែរ ធ្វើឱ្យកម្ពុជាអាចបើកប្រទេសឡើងវិញកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ានណាប៉ូល ដែលអាចទប់ស្កាត់នូវអំពើភេរវកម្មទាន់ពេលវេលា ក្នុងន័យនេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យអាស៊ានណាប៉ូលទាំងអស់គ្នា បន្តកិច្ចសហប្រតិបត្តិការថែមទៀត ជាពិសេសដើម្បីទប់ស្កាត់ឱ្យខានតែបាន នូវអំពើភេរវកម្មទាំងឡាយណា ដែលប្រែក្លាយអាស៊ាន ឱ្យទៅជាអាស៊ានសេរ៉ូភេរវកម្ម ។
សម្តេចតេជោ បានថ្លែងអំណរគុណជាថ្មីម្ដងជូនគណៈប្រតិភូអាស៊ានណាប៉ូលទាំងអស់ ហើយក៏បានផ្ដល់នូវក្ដីសង្ឃឹមថា ប្រតិភូទាំងអស់ នឹងចូលរួមធ្វើឱ្យសន្និសីទនេះ ទទួលបានជោគជ័យ ។
ជាការឆ្លើយតប គណៈប្រតិភូអាស៊ានណាប៉ូល បានប្ដេជ្ញាចំពោះសម្ដេចតេជោ ហ៊ុន សែន ថា នឹងការអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោផង នឹងប្រឹងប្រែងធ្វើយ៉ាងណា ប្រែក្លាយតំបន់អាស៊ាន ឱ្យក្លាយជាតំបន់កិច្ចសហប្រតិបត្តិការ ប្រកបដោយសុខដុមបនីយកម្ម ស្ថេរភាព និងសន្តិភាព៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



