បរទេស ៖ ប្រជាជននៅតំបន់អឺរ៉ុបកណ្ដាលមួយចំនួនបាននាំគ្នាសម្រុកទិញថ្នាំអ៉ីយ៉ូឌីន (iodine) ដែលពួកគេជឿថា អាចការពារសារធាតុវិទ្យុសកម្ម បន្ទាប់ពី ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ប្រាប់ឱ្យកងកម្លាំងនុយក្លេអ៊ែរត្រៀមលក្ខណៈប្រុងជើងការខ្ពស់ បានធ្វើឲ្យប្រជាជនទាំងនោះកំពុងមានរលកភ័យខ្លាច ខណៈស្ថានភាពយោធារវាងអ៊ុយក្រែន-រុស្ស៊ី នៅតែតានតឹង បើទោះណា លោក ហ្សេលែនស្គី ប្រធានាធិបតីអ៊ុយក្រែន យល់ព្រមចូលតុចរចាជុំទី២ ទៀតយ៉ាងណាក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ បានចេញផ្សាយឲ្យដឹងថា លោក នីកូឡាយ កូស្ដូវ (Nikolay Kostov) ជាប្រធានសម្ព័ន្ធឱសថម្នាក់ក្នុងប្រទេសប៊ុលហ្ការី បានបញ្ជាក់ថា នៅក្នុងរយៈពេល ៦ថ្ងៃមកនេះ ឱសថស្ថាននានានៅក្នុងប្រទេសប៊ុលហ្ការី បានលក់ដាច់អស់នូវថ្នាំអ៉ីយ៉ូឌីន (iodine) យ៉ាងឆាប់រហ័សក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះនៃសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី, ការលក់ដាច់នេះ គឺប្រជាជនមួយចំនួននៅតំបន់អឺរ៉ុបកណ្ដាល មានការជឿជាក់ថា ថ្នាំអ៉ីយ៉ូឌីន (iodine) អាចជួយទប់ស្កាត់សារធាតុវិទ្យុសកម្មបាន។
ចំណែកឯ ឱសថស្ថានមួយចំនួនទៀត ក៏បានលក់ថ្នាំប្រភេទនេះអស់ពីស្ដុកផងដែរ ហើយយើងក៏បានបញ្ជាទិញថ្នាំ iodine បន្ថែម ទៀតរួចហើយដើម្បីត្រៀមសម្រាប់ប្រជាជននៅតំបន់អឺរ៉ុបកណ្ដាលត្រូវការ, ប៉ុន្តែ ខ្ញុំបារម្ភខា្លចថា វាមិនគ្រប់គ្រាន់។

ដោយឡែកករណីមួយទៀត គឺប្រជាជនអឺរ៉ុប រាប់ចាប់ប៉ូឡូញ រហូតដល់ប៊ុលហ្ការី ត្រូវបានគេរាយការណ៍ថា បានរៀបចំលិខិតឆ្លងដែន, ចាក់សាំងបំពេញ យានជំនិះរបស់ពួកគេរួចអស់ហើយ ដើម្បីត្រៀមភៀសខ្លួនគ្រប់ពេលវេលាក្នុងករណីមានគ្រោះអាសន្នកើតឡើង។
ងាកមកក្រុមមេដឹកនាំនៃប្រទេសទាំងពីរអ៊ុយក្រែន-រុស្ស៊ី វិញ គឺ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) កាលពីថ្ងៃពុធម្សិលមិញ បាននិយាយថា ទីក្រុងកៀវ ត្រៀមខ្លួនជាស្រេចដើម្បីជួបចរចាបន្តជាមួយរុស្ស៊ីនៅជុំទី២, ប៉ុន្តែ មិនមែនធ្វើឡើងដោយការដាក់ឱសានវាទនោះទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២។
ចំណែក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា ប្រតិភូរុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បបន្តកិច្ចចរចាជាមួយអ៊ុយក្រែន, ប៉ុន្តែពេលវេលាជាក់លាក់មិនទាន់ត្រូវបានកំណត់នោះទេ។

ទាក់ទងនឹងស្ថានភាពក្នុងប្រទេសអ៊ុយក្រែនវិញ, ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២នេះ បានចេញផ្សាយឲ្យដឹងថា លោក អ៉ីហ្គ័រ កូលីខាអែវ (Igor Kolykhaev) អភិបាលក្រុង ឃើសុន (Kherson) របស់អ៊ុយក្រែន បានបញ្ជាក់ថា កងទ័ពរុស្ស៊ី ពិតជាបានចូលដល់ក្នុងកណ្ដាលក្រុងឃើសុនហើយ ពួកគេកំពុងគ្រប់គ្រង និងបានដាក់បម្រាម គោចរលើប្រជាជនរស់នៅក្នុងទីក្រុងនេះ។
គួរបញ្ជាក់ថា បណ្ដាញព័ត៌មានបរទេសបានធ្វើកំណត់ត្រាឲ្យដឹងថា កងទ័ពរុស្ស៊ី បានវាយប្រហារមូលដ្ឋានយោធាសំខាន់ៗរបស់អ៊ុយក្រែន ក្នុងនោះរួមមាន ប្រព័ន្ធរ៉ាដាចាប់សញ្ញាសត្រូវ, ប្រព័ន្ធគ្រប់គ្រងដែនអាកាស , ព្រលានយន្តហោះយោធា , មូលដ្ឋានប្រព័ន្ធគ្រប់គ្រងនុយក្លេអ៊ែរ , ឃ្លាំងស្តុកគ្រាប់ និងសព្វាវុធ , ស្ថានីយអគ្គិសនី, វាយបំផ្ទុះបំពង់ឧស្ម័នធម្មជាតិធំមួយកម្លែងនៅក្នុងទីក្រុងខារកៀវ (Kharkiv) របស់អ៊ុយក្រែន និងកាត់ផ្ដាច់ហេដ្ឋារចនាសម្ព័ន្ធផ្នែកយោធាច្រើនជាងពាន់កន្លែង។
លើសពីនេះកម្លាំងកងទ័ពរុស្ស៊ីបានវាយបំផ្លាញស្ថានីយមួយក្នុងចំណោមស្ថានីយផ្គត់ផ្គង់អគ្គិសនីនានា របស់ទីក្រុងកៀវ និងកំពុងគ្រប់គ្រងទាំងស្រុងលើទីក្រុង ឃើសាន់ (Kherson) ស្ថិតនៅភាគខាងត្បូង និងទីក្រុងប៊ែរឌីយ៉ាន់ស្កិ៍ (Berdyansk) ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន, គ្រប់គ្រងទីក្រុងម៉េលីតូប៉ូល , ទីក្រុងខារកៀវ , និងមជ្ឈមណ្ឌលទីប្រជុំជនមួយចំនួនទៀត ព្រមទាំងធ្វើឲ្យកងទ័ពមួយស្រែមួយចំនួនទម្លាក់អាវុធចុះ។

ចំណែក អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនវិញ បានប្រកាសថា ខាងកងទ័ពរុស្ស៊ីបានទទួលរងការខូចខាតយ៉ាងដំណំ ក្រោយការវាយប្រហារអ៊ុយក្រែននៅថ្ងៃទី៤ នៃសង្រ្គាម ដោយគិតសរុប គឺ កងទ័ពរុស្ស៊ីបានស្លាប់ ៤,៥០០នាក់, ខូចខាតរថពាសដែក ៧០០គ្រឿង, រថក្រោះ ៦០គ្រឿង និងឧទ្ធម្ភាគចក្រ ២៦គ្រឿង។ នេះបើតាមការចេញផ្សាយរបស់កាសែត ហ្សេរូសាឡឹម ប៉ុស្ដិ៍ (Jeruslaem Post) នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២, ប៉ុន្តែភាគីកងទ័ពរុស្ស៊ីមិនបានបញ្ជាក់អំពីការស្លាប់បាត់បង់ជីវិតកងទ័ពរបស់ខ្លួន និងការខូចខាតគ្រឿងសព្វាវុធទំនើបនៅឡើយទេ។
ងាកទៅមើលស្ថានភាពជនស៊ីវិលវិញ ត្រូវបានទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR ) បានឱ្យដឹងថា ជនភៀសខ្លួនជាង ៨៧៤,០០០នាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន និងស្វែងរកកន្លែងសុវត្ថិភាពនៅក្នុងប្រទេសផ្សេងទៀត ដើម្បីគេចចេញពីការវាយប្រហាររបស់រុស្ស៉ី គឺពេលនេះពួកគេកំពុងស្នាក់នៅក្នុងប្រទេសចំនួន៥ ដែលនៅជិតខាងអ៊ុយក្រែន ដូចជា ប៉ូឡូញ, ហុងគ្រី, រូម៉ានី, ម៉ុលដាវី និងស្លូវ៉ាគី។ ចំណែកឯ មនុស្សប្រហែល ៧០,០០០នាក់ផ្សេងទៀត បានទៅដល់បណ្តាប្រទេសអឺរុប ដែលមិនមានព្រំដែនជាមួយអ៊ុយក្រែន ដូចជា អាល្លឺម៉ង់ អ៉ីតាលី និងក្រិក ជាដើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។
សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនឈានចូលដល់ថ្ងៃទី៨ហើយ មេដឹកនាំសម្ព័ន្ធមិត្តណាតូ និងសហភាពអឺរុប បានធ្វើការថ្កោលទោសធ្ងន់ធ្ងរទៅលើរុស្ស៊ី ដោយមានទណ្ឌកម្មផ្ដាច់ការទំនាក់ទំនង, កាត់ផ្ដាច់សេដ្ឋកិច្ច-ពាណិជ្ជកម្ម, សេវាកម្មធនាគារសាកល ស្វ៊ីហ្វ (Swift), និងថែមទាំងបានផ្ដល់គ្រឿងសព្វាវុធទំនើបៗរាប់រយរាប់ពាន់ដើម ក្នុងនោះ មានអាវុធប្រឆាំងរថក្រោះ, អាវុធប្រឆាំងយន្តហោះ និងយន្តហោះចម្បាំង ជាដើម ទៅឱ្យអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី ខណៈដែលប្រទេសអ៊ុយក្រែនខ្លួនឯង ជនស៊ីវិលជាច្រើន ក្នុងនោះមានស្ត្រីផងដែរ បានក្រោកឈរតស៊ូធ្វើកងទ័ពដើម្បីការពារប្រទេសជាតិ ប្រឆាំងនឹងរុស្ស៊ី។
ការបញ្ជូនគ្រឿងសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែនរបស់មេដឹកនាំសហភាពអឺរ៉ុប ដឹកនាំដោយ អាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តណាតូ បានធ្វើឲ្យមេដឹកនាំបណ្ដាប្រទេសនិយមកណ្ដាលមួយចំនួនមិនសប្បាយចិត្តព្រោះថា ការធ្វើបែបនេះ វារឹតតែបញ្ឆេះភ្លើងសង្គ្រាមឲ្យរីកកាន់តែធំថែមទៀត។
ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ក្រុមមេដឹកនាំលោកខាងលិច មកលើរុស្ស៊ី, ត្រូវបានលោកស្រី ម៉ារៀរ ហ្សាការ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី បានលើកឡើងថា ក្រោមស្ថានភាពដែលមេដឹកនាំលោកខាងលិច និងសម្ព័ន្ធមិត្ត NATO ផ្ដល់អ្វីៗទៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី គឺបង្ហាញថា ក្រុមពួកអ្នកហាក់គ្មានបំណងចង់ពង្រឹងសន្តិសុខយ៉ាងពិតប្រាកដនៅអឺរ៉ុបនោះទេ, យើងចាត់ទុកថា ការព្យាយាមចោទប្រកាន់របស់ពួកអ្នកមកលើរុស្ស៊ីវាយលុកអ៊ុយក្រែន គឺជារឿងពុំសមហេតុផលឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី រូបនេះ ចោទសួរថា មុននឹងចង់ឱ្យទីក្រុងម៉ូស្គូទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែននោះ គឺសម្ព័ន្ធមិត្ត NATO គួរទទួលខុសត្រូវជាមុនសិន ចំពោះការសម្លាប់ជនជាតិរុស្ស៊ីនៅតំបន់ដុនបាស់ពីសំណាក់ក្រុមណាស៊ីអ៊ុយក្រែន។ ត្រង់នេះ តើក្រុមសម្ព័ន្ធមិត្ត NATO ដែលតែងតែធ្វើសកម្មភាពដាក់ពង្រាយកម្លាំងយោធានៅតាមបណ្ដាប្រទេសជាប់ៗអ៊ុយក្រែននោះ មានមើលឃើញទេ និងមានអើពើទេ?!
កាយវិការបែបនេះ មានន័យថា មុននេះអាមេរិក និងសម្ព័ន្ធមិត្ត ហាក់មិនចាប់អារម្មណ៍ដោះស្រាយវិបត្តិអ៊ុយក្រែន ចុះហេតុម្ដេច ពេលដែលរុស្ស៊ី ហក់ចូលក្នុងភ្លើងសង្គ្រាមជាមួយអ៊ុយក្រែន ដើម្បីរំដោះជនជាតិរុស្ស៊ីចេញពីក្រញាំណាស៊ីនៅដុនបាស់ ស្រាប់តែ អាមេរិក និងសម្ព័ន្ធមិត្ត NATO បែរជាផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មរកស៊ីទៅវិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















