Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាចូលរួមជាសហស្ថាបនិក នៃសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់ មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅអ៊ុយក្រែន

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានសេចក្តីថ្លែងការណ៍បញ្ជាក់ថា ប្រទេសកម្ពុជាបានចូលរួមជាសហស្ថាបនិក នៃសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់ មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅអ៊ុយក្រែន ដែលធ្វើឡើងកាលពីយប់ថ្ងៃទី២ ខែមីនាឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍ បញ្ជាក់ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌ កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាពយោធា ដែលកំពុងបន្តកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន។

កម្ពុជាមានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ជាមួយនឹងការយោគយល់ដល់ការបារម្ភនៃសន្តិសុខដែលពាក់ព័ន្ធ កម្ពុជារក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត។

អង្គការសហប្រជាជាតិ បានរៀបចំមហាសន្និបាតជាបន្ទាន់មួយ កាលពីម្សិលមិញ ដើម្បីរៀបចំការបោះឆ្នោត លើសេចក្តីសម្រេចមួយថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន។ ក្នុងចំណោមប្រទេស១៨១ មាន១៤១ប្រទេសបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ៥ប្រទេសមិនគាំទ្រ ខណៈ៣៥ប្រទេសអនុបវាទ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី​

×