ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមីនា នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រី ដាតុ សឺរី ហ្សាមរ៉ូស ប៊ីន ម៉ូហាម៉ាត់ ហៀន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តម នាយឧត្តមសេនីយ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មក បំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃ០៣ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី ក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងវិស័យការពារជាតិ។ កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី គឺបានដំណើការបោះជំហានទៅមុខ និងទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ជាអាទិ៍ ការបណ្ដុះបណ្ដាលសិក្ខាកាមយោធិនកម្ពុជាតាម រយៈកម្មវិធី Malaysian Defense Cooperation Program (MDCP) ចាប់តាំងពីឆ្នាំ២០០២, ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញ់ទៅមក និងការអញ្ជើញចូលរួមរបស់គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ការពារជាតិអាស៊ី (Defense Services Asia Exhibition-DSA) និងពិព័រណ៍ដែនអាកាស និងលម្ហសមុទ្រអន្តរជាតិឡាំងកាវីជាដើម។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដែលជាការបើកទំព័រថ្មីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យ កាន់តែសកម្មស៊ីជម្រៅ និងរឹងមាំ។ ជាក់ស្ដែង ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើគោលគំនិត និងទិសដៅនៃកិច្ចសហ ប្រតិបត្តិការមួយចំនួន ដែលមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន៖ ១. ការបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសន្តិសុខព័ត៌មានវិទ្យា, ២. ការលើកកម្ពស់កម្រិតនៃទំនាក់ទំនង ឱ្យកាន់តែខ្ពស់ឡើងជាងពេលបច្ចុប្បន្ន តាមរយៈការសម្រេចឱ្យក្រុមការងារចាប់ផ្តើមពិនិត្យ និងសិក្សាអំពីការរៀបចំយន្តការ Army to Army Talks និង៣. ការរួមគ្នាសំលឹងមើលកាលានុវត្តភាព ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើផ្នែកផ្នែកសក្តានុពលផ្សេងៗទៀតក្នុងពេលអនាគត។
ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានកត់សម្គាល់អំពីបញ្ហាប្រឈម ផ្នែកសន្តិសុខអន្តរជាតិ ដែលកំពុងកើតមានដូចជា បញ្ហាជំងឺរាតត្បាតជាដើម ដោយបានធ្វើការគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សា និងការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វភាគី រវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ដែលជាគន្លឹះមួយដ៏មានប្រសិទ្ធភាព រួមចំណែកជាមួយយន្តការពហុភាគីជាលក្ខណៈតំបន់ ដែលមានស្រាប់ ដើម្បីជំរុញការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណារួមគ្នាដោះស្រាយ បញ្ហាប្រឈមផ្នែកសន្តិសុខនានា និងបន្តគាំទ្រដល់សកម្មភាពនានា ដែលនាំទៅដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ស្របពេលដែលឆ្នាំ២០២២ នេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតរវាង់កម្ពុជា-ម៉ាឡេស៊ី៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




