ភ្នំពេញ ៖ នៅថ្ងៃទី៣ខែមីនាឆ្នាំ២០២២នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញផ្សាយនូវប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាលពីយប់ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២២ ៖ ផ្ញើជូនថ្នាក់ដឹកនាំក្នុងគណៈអចិន្ត្រៃយ៍គណបក្ស គណៈអចិន្ត្រៃយ៍រដ្ឋាភិបាល ក៏ដូចជាសមាជិកសមាជិការាជរដ្ឋាភិបាល !។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ដោយសារតែសភាពការណ៍នៅអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរ ការស្លា.ប់ជនស៊ីវិលកាន់តែច្រើន ហើយមហាសន្និបាតអង្គការសហប្រជាជាតិ កំពុងតែដំណើរការ។ ខ្ញុំគិតថាយើងមានការចាំបាច់ ដើម្បីបញ្ចេញនូវសកម្មភាព ក្នុងក្របខណ្ឌអាស៊ានផង ក្នុងក្របខណ្ឌជាកម្ពុជាខ្លួនឯង ។ ក្នុងក្របខណ្ឌអាស៊ាន គឺយើងកំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីនឹងចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យមានការឈប់បា.ញ់ ព្រោះបើមិនមានការឈប់បា.ញ់ទេ ជីវិតមនុស្ស ទ្រព្យសម្បត្តិ នឹងត្រូវបន្តស្លា.ប់ និងបំផ្លិចបំផ្លាញ ហើយធ្វើឱ្យការចរចានោះមិនអាចឈានទៅមុខបាន ដូច្នេះយើងត្រូវតែសម្រេច ដើម្បីនឹងធ្វើការអំពាវនាវឱ្យមានបទឈប់បា.ញ់មួយ ដែលនេះជាការចង់បាន សម្រាប់ការចរចាមួយ ក្នុងការរកដំណោះស្រាយ ក្នុងនាមអាស៊ាន”។

សម្តេចបានបន្តថា ក្នុងនាមកម្ពុជាប្រទេសជាច្រើន នៅក្នុងពិភពលោក កំពុងតែថ្កោលទោសទៅលើការធ្វើសង្គ្រាម ពីសំណាក់រុស្ស៊ី ទៅកាន់អ៊ុយក្រែន ។ សម្រាប់យើង យើងក៏ត្រូវគិតអំពីគោលជំហររបស់យើង ឱ្យបានច្បាស់។ ដោយមានការស្នើសុំពីជប៉ុន បារាំង អាល្លឺម៉ង់ និងផ្នែករបស់សហរដ្ឋអាមេរិក ហើយដោយយល់ឃើញថា វាមានការចាំបាច់ យើងសម្រេចធ្វើ co-sponsor ជាមួយនឹងប្រទេសដទៃទៀត ដើម្បីចូលរួមនៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ ដែលនេះគឺជាជំហរដោយឡែករបស់កម្ពុជា ។
សង្ឃឹមថា មិត្តរុស្ស៊ីរបស់យើងនឹងយល់ ព្រោះអ្វីដែលបានធ្វើក្នុងរយៈពេលកន្លងទៅ គឺកម្ពុជាយើងផ្ទុយនឹងគោលការណ៍ របស់កម្ពុជាយើងលើនយោបាយការបរទេស ក្នុងនោះ គឺយើងមិនគាំទ្រឱ្យមានការបំបែករដ្ឋ នេះជាចំណុចទី ១។ ឯចំណុចទី ២ គឺយើងមិនគាំទ្រទៅលើការប្រើប្រាស់កម្លាំង និងការត្រៀមដើម្បីប្រើប្រាស់កម្លាំង ឬគំរាមកំហែងនូវការប្រើប្រាស់កម្លាំង ដូច្នេះពិតណាស់ថា រុស្ស៊ីនឹងមានការខឹងសម្បារចំពោះយើង ក៏ប៉ុន្តែយើងជារដ្ឋអធិបតេយ្យ យើងមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចធម៌ ហើយយើង ក៏ត្រូវមានការទទួលខុសត្រូវ ក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិផងដែរ។ សូមថ្នាក់ដឹកនាំរបស់យើង យោគយល់ចំពោះសភាពការណ៍ ដែលកំពុងតែវិវត្តន៍ដ៏ស្មុគស្មាញនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




