ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក toyota prius មួយគ្រឿងក្នុងល្បឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាត មួយកំណាត់មុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាក toyota prius មួយគ្រឿងពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ 2BH-5935 បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតរថយន្តមកខាងឆ្វេងដៃ ទៅបុ.កនឹងរបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាល យ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាត ខ្ទេ.ចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សរងការខូចខាតតែរថយន្ត ហើយភ្លាមនោះដែរ ក៏ម្ចាស់រថយន្តបានបើកទ្វារចុះចេញ ពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





