ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបានបើករថយន្តម៉ាកLexus 470មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូសណ្តោងទូលក់សាច់ឆាក្តៅ ប៉ើងទៅមុខជាច្រើនម៉ែត្រ រួចបន្តល្បឿនទៅបុកទម្លុះចូលផ្ទះពលរដ្ឋ បណ្ដាលឲ្យយុវជនម្នាក់ស្លា.ប់ និងស្ត្រីម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង ៣០នាទីយប់ថ្ងៃទី ៣ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ក្នុងសង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញយុវជនម្នាក់ រួមដំណើរជាមួយស្រ្តីម្នាក់ទៀត បានជិះម៉ូតូសង់ការ៉េសណ្តោងទូដើរលក់សាច់ឆាក្តៅមួយគ្រឿង មិនមានផ្លាកលេខជិះតាមបណ្តោយផ្លូវ ៣៧១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ស្ដាំបម្រុងនឹងឆ្លងផ្លូវ៣៧១ រួចចូលទៅផ្ទះ , ពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តបង្កម៉ាកlexus470 ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AD-9788 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ស្របទិសពីក្រោយក្នុងល្បឿនលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូសណ្តោងទូលក់សាច់ឆាក្តៅ ចំពាក់កណ្តាលពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះខ្ទាតដួលពេញផ្លូវ ហើយភ្លាមនោះដែរ ក៏មានរថយន្តសាមុយឯកជនមួយ មកដឹកយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់ភ្លាមៗ តែអកុសលដោយសភាពធ្ងន់ធ្ងរពេក ក៏បាត់បង់ជីវិតតែម្តង ចំណែកស្រ្តីរួមដំណើរជាមួយរងរបួសធ្ងន់។ រីឯតៃកុងបើករថយន្តបង្ក ត្រូវសមត្ថកិច្ចក្រប៊ួចបាន។

ក្រោយពីកើតហេតុខាងលើសមត្ថកិច្ច ផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែង ស្ទូចយករថយន្តបង្កនិងម៉ូតូរងគ្រោះ យកទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត







