ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ទាក់ទងទៅនឹងសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន ថា បើមិនមានការឈប់បាញ់នោះទេ គឺជីវិតមនុស្ស ទ្រព្យសម្បត្តិ នឹងត្រូវបន្តស្លា.ប់ និងបំផ្លិចបំផ្លាញយ៉ាងមហន្តរាយ, ហើយមួយវិញទៀត ធ្វើឱ្យការចរចាដែលកំពុងតែដំណើរការនោះ មិនអាចឈានទៅមុខបាននោះឡើយ ដូច្នេះ យើងត្រូវតែសម្រេច ដើម្បីនឹងធ្វើការអំពាវនាវឱ្យមានបទឈប់បា.ញ់មួយ ដែលនេះគឺជាការចង់បានក្នុងនាមអាស៊ាន សម្រាប់ឱ្យការចរចារវាងរុស្ស៊ី-អ៊ុយក្រែន រកដំណោះស្រាយបាន។
ពេលនេះ ក្នុងក្របខ័ណ្ឌអាស៊ាន គឺយើងកំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីនឹងចេញសេចក្តីថ្លែងការណ៍ រួមមួយអំពាវនាវឱ្យមានការឈប់បាញ់ ដោយហេតុថា សភាពការណ៍នៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ ការស្លា.ប់ជនស៊ីវិលកាន់តែច្រើន ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន គ្រឹះស្ថាន សំណង់ផ្សេងៗត្រូវបានខ្ទេចខ្ទាំ ហើយមហាសន្និបាតអង្គការសហប្រជាជាតិកំពុងតែដំណើរការ, ដូច្នេះ ខ្ញុំគិតថា យើងមានការចាំបាច់ ដើម្បីបញ្ចេញនូវសកម្មភាពក្នុងក្របខ័ណ្ឌអាស៊ានផង និងក្នុងក្របខ័ណ្ឌជាកម្ពុជាខ្លួនឯងផង។

ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះ គឺសម្ដេចបានផ្សព្វផ្សាយជាសារ កាលពីយប់ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ ផ្ញើជូនថ្នាក់ដឹកនាំក្នុងគណៈអចិន្ត្រៃយ៍គណបក្ស គណៈអចិន្ត្រៃយ៍រាជរដ្ឋាភិបាល ក៏ដូចជាសមាជិកសមាជិការាជរដ្ឋាភិបាលផងដែរ ហើយត្រូវបានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញផ្សាយបន្ត នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ក្នុងនាមកម្ពុជា បានមើលឃើញថា ប្រទេសជាច្រើន នៅក្នុងពិភពលោក កំពុងតែថ្កោលទោសទៅលើការធ្វើសង្គ្រាម ពីសំណាក់រុស្ស៊ី ទៅកាន់អ៊ុយក្រែន ។ សម្រាប់យើង យើងក៏ត្រូវគិតអំពីគោលជំហររបស់យើងឱ្យបានច្បាស់។ ដោយមានការស្នើសុំពី ជប៉ុន បារាំង អាល្លឺម៉ង់ និងផ្នែករបស់សហរដ្ឋអាមេរិក ហើយដោយយល់ឃើញថា វាមានការចាំបាច់ យើងសម្រេចធ្វើ co-sponsor ជាមួយនឹងប្រទេសដទៃទៀត ដើម្បីចូលរួមនៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ ដែលនេះគឺជាជំហរដោយឡែករបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ខ្ញុំសង្ឃឹមថា មិត្តរុស្ស៊ីរបស់យើងនឹងយល់ ព្រោះអ្វីដែលបានធ្វើក្នុងរយៈពេលកន្លងទៅ គឺកម្ពុជាយើងផ្ទុយនឹងគោលការណ៍ របស់កម្ពុជាយើងលើនយោបាយការបរទេស ក្នុងនោះ ចំណុចទី ១ ÷ គឺ យើងមិនគាំទ្រឱ្យមានការបំបែករដ្ឋ ។ ឯចំណុចទី ២ ÷ គឺយើងមិនគាំទ្រទៅលើការប្រើប្រាស់កម្លាំង និងការត្រៀមដើម្បីប្រើប្រាស់កម្លាំង ឬគំរាមកំហែងនូវការប្រើប្រាស់កម្លាំង ដូច្នេះពិតណាស់ថា រុស្ស៊ីនឹងមានការខឹងសម្បាចំពោះយើង ក៏ប៉ុន្តែយើងជារដ្ឋអធិបតេយ្យ យើងមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចធម៌ ហើយយើងក៏ត្រូវមានការទទួលខុសត្រូវ ក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិផងដែរ។ សូមថ្នាក់ដឹកនាំរបស់យើង យោគយល់ចំពោះសភាពការណ៍ ដែលកំពុងតែវិវត្តន៍ដ៏ស្មុគស្មាញរវាងរុស្ស៊ី និងអ៊ុយក្រែននេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN




