Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ណែនាំឲ្យអនុគណៈកម្មការចំពោះកិច្ច បំពេញបេសកកម្មរបស់ខ្លួន រហូតដល់ប្រទេសកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្រ្តី កើត រិទ្ធ បានផ្តល់អនុសាសន៍ ឲ្យគណៈកម្មការចំពោះកិច្ចអនុវត្តផែនការ សកម្មភាពការងាររបស់ក្រុមការងារ ត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោះស្រាយចំពោះបញ្ហាប្រឈម របស់ក្រុមការងារនីមួយៗ និងសម្រួចទិសដៅការងារបន្ត ដើម្បីឆ្លើយតបនឹងបញ្ហា ដែលនៅសេសសល់ នៅក្នុងសកម្មភាពការងាររបស់ ICRG-JG សំដៅធានាឱ្យកម្ពុជា ទទួលបានការវាយតម្លៃល្អប្រសើរ លើរបាយការណ៍វឌ្ឍនភាពជុំទី៩ របស់ខ្លួន ដែលមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) នឹងសម្រេចនៅពេលខាងមុខនេះ ដើម្បីខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ។

នារសៀល ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ច អនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការ សកម្មភាពការងាររបស់ក្រុមការងារ ត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ( អ.អ.ផ.) ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ គឺ៖

(១)-វឌ្ឍនភាពការងាររបស់ក្រុមការងារទី១ ទទួលបន្ទុក IO-6 ទាក់ទងនឹងព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ, ក្រុមការងារទី២ ទទួលបន្ទុក IO-11 ទាក់ទងនឹងទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ, ក្រុមការងារទី៣ ទទួលបន្ទុក IO-7 និង IO-8 ទាក់ទងនឹងការស៊ើបអង្កេត ការចោទប្រកាន់ និងការផ្តន្ទាទោសបទល្មើសសម្អាតប្រាក់ និងការរឹបអូស ។

(២)-ការពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងការសម្រួចទិសដៅការងារបន្តរបស់ អ.អ.ផ. ដើម្បីត្រៀមសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពជុំទី៩ សម្រាប់ដាក់ជូនក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG)។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃ អ.អ.ផ. ដែលសុទ្ធតែជាឥស្សរជនជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តម ស៊ុ សន្និសិទ្ធ ប្រធានក្រុមការងារទី១, ឯកឧត្តម ជីវ សុងហាក់ សហប្រធានក្រុមការងារទី២ និងឯកឧត្តម ស្រ៊ិន សុវណ្ណ ប្រធានក្រុមការងារបច្ចេកទេសប្រឆាំងការសម្អាតប្រាក់នៃ អ.អ.ផ. បានរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់ក្រុមការងារនីមួយៗ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុមការងារ, ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ជាដំណោះស្រាយចំពោះបញ្ហាប្រឈម របស់ក្រុមការងារនីមួយៗ និងសម្រួចទិសដៅការងារបន្ត ដើម្បីឆ្លើយតបនឹងបញ្ហា ដែលនៅសេសសល់ នៅក្នុងសកម្មភាពការងាររបស់ ICRG-JG សំដៅធានាឱ្យកម្ពុជា ទទួលបានការវាយតម្លៃល្អប្រសើរ លើរបាយការណ៍វឌ្ឍនភាពជុំទី៩ របស់ខ្លួន ដែលមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) នឹងសម្រេចនៅពេលខាងមុខនេះ ពោលគឺ ដើម្បីខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ។

ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ អំពីវឌ្ឍនភាពជាវិជ្ជមាន នៃការអនុវត្តការងាររបស់ក្រុមការងារនីមួយៗ និងបានស្នើឱ្យក្រុមការងារ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ បន្តខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក៏ដូចជាពង្រឹងកិច្ចសហការប្រតិបត្តិការ រវាងគ្នានិងគ្នាឱ្យកាន់តែល្អបន្ថែមទៀត។

សូមគូសបញ្ជាក់ផងដែរថា អនុគណៈកម្មការចំពោះកិច្ចនេះ នឹងបំពេញបេសកកម្មរបស់ខ្លួន រហូតដល់ប្រទេសកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×