ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា ទោះបីស្ថានការណ៍នៃសង្រ្គាមកូវីដ-១៩នេះ មិនទាន់ចប់ក៏ពិតមែន ប៉ុន្តែយើងអាចគ្រប់គ្រងបញ្ហាដែលទាក់ទិននឹងជំងឺនេះ ដោយសម្តេចតេជោ ហ៊ុន សែន បានការពារអាយុជីវិត របស់ប្រជាពលរដ្ឋពីការស្លា.ប់ដោយសារជំងឺរាតត្បាតសាកលនេះ តាមរយៈការកៀគរស្រោចស្រពវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋខ្មែរ និងបរទេសនៅទូទាំងផ្ទៃប្រទេស ដើម្បីធ្វើជាខែល និងជាអាវក្រោះដ៏រឹងមាំប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលយ៉ាងត្រចះត្រចង់។

ការបញ្ជាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលអគារសិក្សា នៃគ្រឹះស្ថានសិក្សាចំនួន ០៣ សាលាបឋមសិក្សា-អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ សាលាបឋមសិក្សាស្ពានថ្ម ខណ្ឌដង្កោ និងសាលាបឋមសិក្សាព្រែកប្រាក្រោម ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។
មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន បានយកការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាកត្តាចម្បង ដែលសក្ខីភាពនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈជោគជ័យនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ទន្ទឹមនឹងនេះ កត្តាជោគជ័យក្នុងទិដ្ឋភាពមួយទៀត គឺស្តែងឡើងតាមរយៈការជឿទុកចិត្តមកលើ សម្តេចតេជោនាយករដ្ឋមន្ត្រី ពីសំណាក់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់នៅពេញផ្ទៃប្រទេស ដោយម្នាក់ៗបានចូលរួមចាក់វ៉ាក់សាំងសម្រាប់ការពារខ្លួន ការពារក្រុមគ្រួសារ និងសហគមន៍ បានគ្រប់ៗគ្នា។ ប្រសិនបើយើងក្រទ្បេកទៅមើល ទង្វើរបស់អ្នកនយោបាយអគតិជ្រុលនិយមមួយចំនួនវិញ គឺពួកគេមិនបានធ្វើអ្វី ក្រៅតែពីការព្យាយាមឆក់យកឱកាសនេះ បញ្ចុះបញ្ចូល បំភ្លៃការពិត និងធ្វើការឃោសនាអុជអាលរកលេសចោទប្រកាន់ រាជរដ្ឋាភិបាលកម្ពុជាតាមគ្រប់រូបភាពយ៉ាងងងឹតងងុល ដោយគ្មានសកម្មភាពណាមួយ ដែលជួយជាប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិឡើយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





