ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញចូលរួមថ្លែងសុន្ទរកថា (តាមរយៈវីដេអូថតទុក)នៅក្នុងកិច្ចប្រជុំ High Level Segment នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ ដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តថា ក្នុងឱកាសកិច្ចប្រជុំ High-Level Segment មានឥស្សរជនជាន់ខ្ពស់តំណាងឱ្យរដ្ឋាភិបាលនៃបណ្តាប្រទេសនានា និងអង្គការអន្តរជាតិនានា សរុបជាង ១៤០រូប បានចុះឈ្មោះចូលរួមថ្លែងសុន្ទរកថា ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។ ក្នុងនោះ ប្រទេសអាស៊ានដែលបានចុះឈ្មោះចូលរួមថ្លែងសុន្ទរកថា រួមមាន កម្ពុជា ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។

ក្រសួងបានបញ្ជាក់បញ្ជាក់ថា High-Level Segment គឺជាវេទិកាសម្រាប់ឥស្សរជនជាន់ខ្ពស់តំណាងឱ្យរដ្ឋាភិបាល នៃប្រទេសនានាថ្លែងអំពីអាទិភាពការងារ វឌ្ឍនភាព ការប្តេជ្ញាចិត្តរបស់ប្រទេសនីមួយៗ និងការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្ស។
កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ ប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


