ភ្នំពេញ ៖ នៅក្នុងជំនួបរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយ លោកស្រី យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ កម្ពុជា បានប្រាប់ទៅភាគីចិន ពីហេតុផលដែលខ្លួនសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់ របស់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ស្តីពីស្ថានការណ៍ នៅប្រទេសអ៊ុយក្រែន។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា «ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនគណៈប្រតិភូចិន អំពីហេតុផលដែលនាំឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន»។
អង្គការសហប្រជាជាតិ កាលពីថ្ងៃទី០២ ខែមីនា បានរៀបចំមហាសន្និបាតជាបន្ទាន់មួយ ដើម្បីរៀបចំការបោះឆ្នោត លើសេចក្តីសម្រេចមួយថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន។ ក្នុងចំណោមប្រទេស១៨១ មាន១៤១ប្រទេសបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ៥ប្រទេសមិនគាំទ្រ ខណៈ៣៥ប្រទេសអនុបវេទ។
កម្ពុជាស្ថិតនៅក្នុងចំណោម១៤១ប្រទេស ដែលគាំទ្រចំពោះសេចក្តីសម្រេចនេះ។ ចំណែកប្រទេសចិន និងវៀតណាម បានធ្វើអនុបវាទ ក្នុងចំណោម ៣៥ ប្រទេស ។

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសកម្ពុជា បានសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាពយោធា ដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។
កម្ពុជាមានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ជាមួយនឹងការយោគយល់ដល់ការបារម្ភនៃសន្តិសុខដែលពាក់ព័ន្ធ កម្ពុជារក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







