ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានបើករថយន្តម៉ាកLexus NX200t មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុ.កហោះឡើងរបាំងថ្មពុះចែកទ្រូងផ្លូវ ស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរថយន្តទើរជាប់លើ និងទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសវ័យចំណាស់ម្នាក់ បានបើករថយន្តម៉ាកLexus NX200t ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AY-8756 បើកបរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ជាប់នឹងគល់ស្ពានអាកាសស្ទឹងមានជ័យ ក៏បានបួងចង្កូតហោះឡើងលើរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរថយន្ដទើរជាប់លើរបាំងថ្ម ទៅមុខលែងរួច សំណាងល្អបានប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ជួយរុញទម្លាក់មកក្រោមវិញ រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុភ្លាមៗ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត



