ភ្នំពេញ៖ បង្គន់អនាម័យ ចំនួន២កន្លែង ដែលស្ថាបនាឡើងជាលក្ខណៈស្តង់ដារគុណភាពខ្ពស់ ស្ថិតនៅក្នុងបរិវេណព្រះមេរុ ត្រូវបានប្រគល់ដល់សាលារាជធានីភ្នំពេញ ដើម្បីបើកឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដោយឥតគិតថ្លៃ។នៅព្រឹកថ្ងៃទី១ វិច្ឆិកាឆ្នាំ២០១៧នេះ សម្តេចចៅហ្វាវាំងវរវាំងជ័យធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានប្រគល់បង្គន់អនាម័យនេះជូនដល់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
បង្គន់អនាម័យទំនើបទាំង២កន្លែងនេះ គឺជាផ្នែកមួយ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ បន្ទោបង់បានត្រឹមត្រូវ មិនបាត់បង់សណ្តាប់ធ្នាប់ និងមិនប៉ះពាល់ដល់បរិស្ថាន។ មន្ត្រីសាលារាជធានីភ្នំពេញឲ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ អាជ្ញាធរបានត្រៀមបង្គន់អនាម័យចល័ត និងបង្គន់អនាម័យសាធារណៈជាង៤០កន្លែង សរុប៤៧៥បង្គន់ ហើយការប្រើប្រាស់ មិនយកកម្រៃសេវាឡើយ។ បង្គន់អនាម័យទាំង២ទីតាំងនេះ ចែកចេញជា១៤បន្ទប់ ស្រី៦បន្ទប់ ប្រុស៦បន្ទប់ និងសម្រាប់ជនពិការចំនួន២បន្ទប់ បំរើឲ្យការប្រើប្រាស់ជាសាធារណៈ ដោយមិនយកប្រាក់។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលទទួលបង្គន់អនាម័យទាំង២កន្លែងនេះពីសម្តេចចៅហ្វាវាំងវរវាំងជ័យធិបតីស្រឹង្គា គង់ សំអុល បានថ្លែងអំគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងព្រះបរមរាជវាំង ពិសេសសម្តេច គង់ សំអុល ដែលបានយកចិត្តទុកដាក់ គិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ មកកម្សាន្តក្នុងឱកាសព្រះរាជធិធីបុណ្យអុំទូកនេះ មានកន្លែងបន្ទោបង់ត្រឹមត្រូវផង និងចូលរួមថែរក្សាអនាម័យ និងបរិស្ថានទីក្រុងភ្នំពេញថែមទៀត។
ក្នុងឱកាសនោះ លោកអភិបាលរាជធានី បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋអ្នកប្រើប្រាស់ ត្រូវចូលរួមថែរក្សា និងសំអាតបន្ទប់ទឹកនេះ ឲ្យបានស្អាតជានិច្ច។ ជាមួយគ្នានោះ លោកអភិបាល ក៏បានអំពាវនាវដល់បងប្អូនអ្នកលក់ដូរទាំងឡាយ ត្រូវអនុវត្តតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ច ធ្វើយ៉ាងណារក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រក្សាបរិស្ថាន អនាម័យឲ្យបានល្អ។ ក្រោយពេលលក់ដូរ ត្រូវសំអាតទីតាំងលក់ដូររបស់ខ្លួន ឲ្យបានស្អាតជានិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ៕ ដោយ៖កូឡាប