ភ្នំពេញ : ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខខឿន បានឆ្លើយតបទៅកាន់ គណៈប្រតិភូសហរដ្ឋអាមេរិកដែលយកបញ្ហាសិទ្ធិមនុស្ស មកប្រើជាអាវុធវាយប្រហារ ដើម្បីបម្រើរបៀបវារៈនយោបាយ ត្រូវបានគណៈប្រតិភូជាច្រើននៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សដ៏ឧត្តុង្គឧត្តមនេះ បានដឹងឮយ៉ាងច្បាស់។ ការឆ្លើយតបនេះនាសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។
ទន្ទឹមនឹងការអំពាវនាវឱ្យគណៈប្រតិភូសហរដ្ឋអាមេរិកធ្វើការវាយតម្លៃព័ត៌មានឱ្យបានម៉ត់ចត់ និងមិនធ្វើនយោបាយូបនីកម្ម ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាលើកឡើងនូវការពិតមួយចំនួនអំពី កម្ពុជា ដូចតទៅ៖
ទី១៖ ការថ្លែងថា គណបក្ស ប្រឆាំងគឺជាគោលដៅនៃការវាយប្រហារ គឺពុំត្រឹមត្រូវទាល់តែសោះ។ ការចូលរួម ជាមួយគណបក្សនយោបាយ និង អង្គការ សង្គម ស៊ីវិលណាមួយ មិន មែនជាអាជ្ញាប័ណ្ណ ដើម្បីប្រព្រឹត្តល្មើសច្បាប់ ដោយនិទណ្ឌភាពទ្បើយ។ បុគ្គលរងការចោទប្រកាន់ គឺ ផ្អែកលើមូលដ្ឋាននៃបទល្មើសដែលកំណត់ដោយច្បាប់ ពុំមែនដោយសារបុគ្គលនោះជានរណានោះទេ។ ឧទាហរណ៍ជាច្រើនបានបង្ហាញថា បុគ្គលគាំទ្របក្សកាន់អំណាច ក្នុងករណីបំពានច្បាប់ ក៏ត្រូវបានផ្តន្ទាទោស ដោយតុលាការដូចគ្នារបស់កម្ពុជា។

ទី២៖ យើងខ្ញុំជំទាស់ចំពោះការចោទប្រកាន់អំពីការបិទលំហសង្គមស៊ីវិល។ តួលេខប្រាប់ពីការពិតបាន។ ប្រសិនសេរីភាពសង្គមស៊ីវិលត្រូវបានរឹតត្បិត ចុះហេតុអ្វី បានជាចំនួន អង្គការមិនមែនរដ្ឋាភិបាល ដែល បានចុះបញ្ជីនៅតែបន្តកើន ឡើងរហូតដល់ចំនួន ជិត ៦០០០ អង្គការ? ការពិតនោះគឺថា ការចោទប្រកាន់ខាងលើ កើតចេញពីអង្គការមិនមែនរដ្ឋាភិបាលមួយក្ដាប់តូច ដែលមាននិន្នាការធ្វើនយោបាយូបនីកម្មខ្លាំងក្លា និងបានទទួលថវិកាគាំទ្រពីបរទេស ខំស្រែកទាមទារតម្លាភាព ក៏ប៉ុន្តែអង្គការទាំងនោះបែរជាបដិសេធមិនបង្ហាញនូវតម្លាភាពអំពីអង្គភាពខ្លួនទៅវិញ។
ទី៣៖ ដើម្បីដោះស្រាយកង្វល់របស់អង្គការសង្គមស៊ីវិលមួយចំនួននោះ ក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកការងារធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល បានពិនិត្យ រួចហើយលើមាត្រាចំនួន១១ ក្នុងចំណោម ១៤ មាត្រា ដែលអង្គការសង្គមស៊ីវិលបានស្នើសុំធ្វើវិសោធនកម្ម។ អង្គការសង្គមស៊ីវិលក៏ទទួលបានអត្ថប្រយោជន៍ពី វេទិកាពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលពីរដងក្នុងមួយឆ្នាំផងដែរ។
ទី៤៖ ដោយពេលវេលាមានកំណត់ យើងខ្ញុំសូមស្នើគណៈប្រតិភូសហរដ្ឋអាមេរិកស្វែងយល់អំពីសេចក្តីថ្លែងការណ៍របស់យើងខ្ញុំ ដែលបានថ្លែងនៅមុននេះបន្តិច ទាក់ទងនឹងសំណួរនៃ ការប្រមូលផ្តុំដោយសន្តិវិធី និងសិទ្ធិធ្វើកូដកម្ម។
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថា ការតស៊ូមតិដើម្បីសិទ្ធិមនុស្សចាំបាច់ត្រូវតែចាប់ផ្តើមពីប្រទេសខ្លួនឯងជាមុនសិន។ គួរឱ្យសោកស្តាយ ប្រទេសដែលពូកែទូន្មានគេនេះ បាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំង ស្តង់ដារពីរ និងការលាក់ពុតត្បុត។ នៅឆ្នាំ២០២១ មនុស្សជាង៧០០ នាក់ ដែលបានបញ្ចេញមតិផ្ទុយ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទល្មើស បន្ទាប់ពីបានសម្រុកចូលវិមានសភា។ ក្នុងឆ្នាំដដែលនោះ អ្នកកាសែតជាង៥០ នាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅ ទូទាំង សហរដ្ឋអាមេរិក។ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អតីតប្រធានាធិបតី ដែលមានទស្សនៈផ្ទុយ ក៏ត្រូវបានគេហាមឃាត់។ បញ្ជីនៃបញ្ហាសិទ្ធិមនុស្សនេះនៅមិនទាន់អស់នៅឡើយ។
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាទទូចឱ្យគណៈប្រតិភូសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានសង្កត់ធ្ងន់នាពេលកន្លងមកថា “សិទ្ធិមនុស្សមិនត្រូវប្រើជាអាវុធវាយប្រហារប្រទេសដទៃ ដោយស្តង់ដារពីរទ្បើយ” ប្រសិនបើយើងចង់រក្សាបាននូវសុច្ចរិតភាព និងភាពជឿជាក់ខ្ពស់បំផុតរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ។
ជាចុងបញ្ចប់ ការលើកតម្កើងសិទ្ធិនិងសេរីភាពទាំងអស់ គឺជាគោលដៅចុងក្រោយរបស់គ្រប់ប្រទេសទាំងអស់ ដែលប្រៀបបានទៅនឹងការទ្បើងទៅកាន់កំពូលភ្នំ។ ដូចដែលឯកឧត្តម Antony Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់នាពេលថ្មីៗនេះថា ប្រទេសនីមួយៗមានសិទ្ធិជ្រើសរើសអនាគត និងមាគ៌ារបស់ខ្លួន៕ រក្សាសិទ្ធិដោយ : ចេស្តារ



