Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្ត​ក្រចេះ​៖ ពលរដ្ឋ​ស្លាប់​១០​នាក់ ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​១២១​នាក់ សង្ស័យ​ពុល​សារធាតុ​គីមី​ក្នុង​ទឹក នៅ​ព្រែក​ទេ​រ

spot_img

​ក្រចេះ​៖ របាយការណ៍​របស់​លោក វ៉ា ថន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​៦​ខែ​ឧសភា​នេះ បានឲ្យដឹងថា សរុប​ពី​ថ្ងៃ​ទី​៣​ដល់​ទី​៦​ខែ​ឧសភា​នេះ ករណី​ផ្ទុះ​ជំងឺ​មាន​ប្រជាពលរដ្ឋ​ចូល​សម្រាក ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សរុប​ចំនួន​១២១​នាក់ ប្រុស​ចំនួន​៥៣​នាក់ ប្រជាពលរដ្ឋ​ស្លាប់​សរុប​ចំនួន​១០​នាក់ ប្រុស​ចំនួន​៣​នាក់ ក្នុង​នោះ​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ ចំនួន​៩​នាក់ បាន​ស្លាប់​តាមផ្លូវ​ចំនួន​២​នាក់ ស្លាប់​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ចំនួន​ម្នាក់​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដឹកនាំ​ដោយ​លោក​អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​៦​ខែ​ឧសភា បាន​ដឹកនាំ​កងកម្លាំង​ចុះ​ពិនិត្យ​ផ្ទាល់ ជា​លើក​ទី​២ នៅ​ចំណុច​កើតហេតុ និង​បាន​ដឹក​ទឹក​សុទ្ធ​ចំនួន​២​រថយន្ត និង​ទឹក​ប្រើប្រាស់ ព្រម​ទាំង​ពី​ដុង​ទឹក​យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​កើតហេតុ​ទាំងពីរ​ដើម្បី​បរិភោគ និង​ប្រើប្រាស់​។​

​បើ​តាម​របាយការណ៍រ​បស់​រដ្ឋបាល​ខេត្ត​ក្រចេះ ដែល​គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៦​ខែ​ឧសភា ឆ្នាំ​២០១៧ ករណី​ប្រជាពលរដ្ឋ​ផ្ទុះ​ជំងឺ​បណ្តាលឲ្យ​ស្លាប់​ជា​បន្តបន្ទាប់ នៅ​ចំណុច​ទេ​ចម្លង​ឧបសម្ព័ន្ធ​ភូមិ​ស្រែ​នន និង​ចំណុច​យ៉ែ​ភូមិអាលច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​អ្នកស្លាប់ និង​រងគ្រោះ​កើនឡើង​យ៉ាងគំហុក នៅ​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ខណៈ​នៅក្នុង​ភូមិ​ប្រជាពលរដ្ឋ បាន​ចេញ​ស្ទើរតែ​អស់​ពី​ផ្ទះ ព្រោះតែ​ការភ័យខ្លាច​ជំងឺ ដែល​មាន​រោគសញ្ញា​ដូចជា ឈឺ​ពោះ ក្អួតចង្អោ ឈឺ​ក អស់កម្លាំង ទន់​ដៃ​ជើង វិលមុខ ថប់ដង្ហើម បណ្តាលឲ្យ​ស្លាប់​ជា​បន្តបន្ទាប់​។​

​លោក​អភិបាលខេត្ត ក៏​បាន​ចាត់​កម្លាំង​ដើម្បី​ជួយ​រៀបចំ​ពិធី​បញ្ចុះសព និង​ពិធីបុណ្យ ចំនួន​៣​សព និង​បាត់​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត កម្លាំង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចំនួន​៥០​នាក់ និង​គ្រូពេទ្យ​ចំនួន​១៥​នាក់ ប្រចាំការ​ជួយសង្គ្រោះ តាមដាន និង​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ និង​បាន​ដាក់​កម្លាំង​ទាំង​៣​ចំនួន​៣០​នាក់ គ្រូពេទ្យ​ចំនួន​៧​នាក់ និង​រថយន្ត​សង្គ្រោះ​នៅ​ប្រចាំ​ចំណុច​ភូមិ​កើតហេតុ​។​

​លោក​វ៉ា ថន បាន​លើកឡើង​ថា ផ្អែក​តាម​ការសន្និដ្ឋាន​ជាបឋម​ករណី​ប្រជាពលរដ្ឋ​ផ្ទុះ​ជំងឺ និង​ស្លាប់​ជា​បន្តបន្ទាប់​នេះ គឺ​អាច​បណ្តាលមកពី​ការពុល​សារធាតុ​គីមី​នៅក្នុង​ទឹក ហើយក៏​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​កើតហេតុ និង​ប្រជាពលរដ្ឋ​រស់នៅ​ដងព្រែក​ទេ បញ្ឈប់​ប្រើប្រាស់​ទឹក​ព្រែក​ទេ​ជា​បន្ទាន់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×