ភ្នំពេញ៖ ប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្រ្តអភិវឌ្ឍន៍ពេលវែងប្រកបដោយអព្យាក្រឹតកាបូន បានប្ដេជ្ញា ជំរុញការប្រើរថយន្តអគ្គិសនី និងរថយន្តក្រុង ក្នុងទីក្រុងឱ្យបាន ៤០ភាគរយ និងទោចក្រយានយន្តឱ្យបាន៧០ភាគរយ នៅឆ្នាំ២០៥០ខាងមុខនេះ។

ជាមួយកគ្នានេះអ្នកជំនាញ លើកឡើងថា ដល់ពេលដែលប្រទេសកម្ពុជា ត្រូវជំរុញការប្រើយានយន្តអគ្គិសនី» ដើម្បីដោះស្រាយបញ្ហាបំពុលខ្យល់។ នៅកម្ពុជា កត្តារួមចំណែកសំខាន់ៗក្នុងការបំពុលខ្យល់រួមមាន ការបំភាយយានយន្ត ធូលីដីតាមដងផ្លូវ ការជីកយករ៉ែ ការផលិតថាមពល និងការកកស្ទះចរាចរណ៍ជាដើម។ អ្នកស្រាវជ្រាវផ្នែករថយន្តអគ្គិសនីនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានយល់ស្របថា ការកើនឡើងនៃចំនួនរថយន្តប្រើចំហេះឥន្ធនៈនៅកម្ពុជា កំពុងបង្កការគំរាមកំហែងកាន់តែខ្លាំងដល់សុខភាពសាធារណៈ និងបរិស្ថាន។ លោករៀបរាប់ថា ម៉ាស៊ីនយានយន្តប្រើចំហេះឥន្ធនៈទាំងនោះ បង្កើតផលប៉ះពាល់ដ៏គួរឱ្យបារម្ភជាច្រើន ប៉ុន្តែអ្វីដែលសំខាន់ គឺការបញ្ចេញឧស្ម័នកាបូនិច ដែលរួមចំណែកយ៉ាងសំខាន់ដល់ការផ្លាស់ប្តូរបរិយាកាសផែនដី និងការឡើងកំដៅផែនដី។

ដើម្បីគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយ ឆ្ពោះទៅរកការប្រើប្រាស់យានយន្តអគ្គិសនី ប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា លោក គង់ សុផល អគ្គនាយករង តំណាងលោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមសិក្ខាសាលាដែលបង្ហាញពីយុទ្ធសាស្រ្តនេះ ដែលរៀបចំដោយអង្គការ Energylab ក្រោមកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។

សិក្ខាសាលានេះ មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃកម្ពុជា តំណាងអគ្គិសនីកម្ពុជា (EDC) និងក្រសួងស្ថាប័នមួយចំនួនទៀតដែលពាក់ព័ន្ធ ព្រមទាំងតំណាងគម្រោងនានាដែរ៕
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងវគ្គសិក្ខាសាលាដែលបានរៀបចំឡើងនេះ មានធ្វើបទបង្ហាញមួយចំនួន ដែលផ្ដោតសំខាន់ទៅលើការៀបចំផែនការ យុទ្ធសាស្រ្ត និងវិធានការផ្សេងៗ ដើម្បីជំរុញការប្រើប្រាស់យាយន្តអគ្គិសនីនៅកម្ពុជា ឱ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថាន និងឧស្ម័នផ្ទះកញ្ចក់។

គួរបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ ២០២១ យានយន្តជាង ៦ លានគ្រឿងត្រូវបានចុះបញ្ជីជាផ្លូវការ។ បើតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ យានយន្តដែលបានចុះបញ្ជីនៅកម្ពុជាបានកើនឡើងដល់ ៦លានគ្រឿង ក្នុងនោះ រថយន្តបានកើនឡើងដល់ជាង ៩២ ម៉ឺនគ្រឿង និងចំនួនម៉ូតូកើនឡើងដល់ ៥,២ លានគ្រឿង៕