ភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលទេ តាមកម្មវិធីដែលបានគ្រោងទុក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយនាយនាវី និងពលនាវឹកស្វ័យការពារជើងទឹកជប៉ុន នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ស្អែកនេះ នៅសណ្ឋាគារសុខាខេត្តព្រះសីហនុ ក្នុងឱកាសដែល នាវាស្វ័យការពារជប៉ុន ចំនួន ២គ្រឿង ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីអបអរសាទខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ប្រាប់សារព័ត៌មាន CEN ថា នាវាស្វ័យការពារជប៉ុន ចំនួន ២គ្រឿង ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ហើយនៅថ្ងៃទី១៥ ខែមីនា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយនាយនាវី និងពលនាវឹកស្វ័យការពារជើងទឹកជប៉ុន និងនៅថ្ងៃទី១៦ ខែមីនា កងទ័ពស្វ័យការពារជប៉ុន នឹងអញ្ជើញទៅទស្សនកិច្ចនៅកំពង់ផែរាម។
សូមជម្រាបថា នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿងប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គ្រោងនឹងចូលចត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០២២ ដើម្បីសម្តែងការគួរសម និងបំពេញទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា និងជាការរំលឹកអបអរសាទខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា។

នាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿងមានដូចជាៈ នាវាទី១. ឈ្មោះ URAGA – 463 ជាប្រភេទនាវាប្រឆាំងមីនមានបណ្ដោយ ១៤១ ម៉ែត្រ ទទឹង ២២ ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ មានទំងន់ផ្ទុក ៥.៦៥០ តោន និងមាននាវិក ចំនួន ១២៦ នាក់ ។ នាវាទី២. ឈ្មោះ HIRADO – 305 មានបណ្ដោយ ៦៧ ម៉ែត្រ ទទឹង ១១ ម៉ែត្រជម្រៅទឹក ២,៧ ម៉ែត្រ មានទំងន់ផ្ទុក ៦៩០ តោន និងមាននាវិក ចំនួន ៥៤ នាក់។
នាវាទាំង ពីរគ្រឿងនេះ ដឹកនាំបញ្ជារួម ដោយលោក Noguchi Yasushi មេបញ្ជាការ កងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


