ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា បំណងប្រាថ្នាដ៏ធំបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងភាពចម្រុងចម្រើនទាំងផ្លូវកាយ ដែលសំដៅទៅលើការរីកធំធាត់លូតលាស់រាងកាយ សុខភាព និងសមត្ថភាពបញ្ញា ក៏ដូចជាសេចក្តីសុខស្ងប់ផ្នែកផ្លូវចិត្ត គឺសំដៅទៅលើការមិនព្រួយបារម្ភអំពីបញ្ហាសង្គ្រាម និងអសន្តិសុខនានា ដោយ សម្តេចតេជោ បាននាំមកនូវសុខសន្តិភាព និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ព្រមទាំងបង្កលក្ខណៈឱ្យមានការជួយគាំទ្រ និងចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនានៅក្នុងសង្គម។

ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ១៦,១៣៣ គ.ម និងផ្លូវក្រាលកៅស៊ូ DBST ០១ ខ្សែ ប្រវែង ៥,០៨ គ.ម និងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ០៩ កន្លែង នៅ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២២។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ប្រជាពលរដ្ឋកម្ពុជាមានភ័ព្វសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំ ប្រកបដោយចក្ខុវិស័យខ្ពស់ ហើយដែលបំណងប្រាថ្នាដ៏ធំបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងភាពចម្រុងចម្រើនទាំងផ្លូវកាយ។
មេបញ្ជាការកងទ័ពជើងគោក ក៏បានសូមចូលរួមអបអរសាទចំពោះសមិទ្ធផលផ្លូវ និងស្ពានទាំងនេះ ដែលនឹងក្លាយជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជនក្នុងមូលដ្ឋាន រួមទាំងអ្នកដំណើរមកទីជិតឆ្ងាយ។ ជាក់ស្តែងណាស់ សមិទ្ធផលទាំងនេះបានកើតចេញពីកម្លាំងរួបរួមសាមគ្គីភាព រវាងវិស័យឯកជនចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការកសាងផ្លូវ និងស្ពានទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរឱ្យកាន់តែចម្រើនរុងរឿងថែមទៀត។ ទាំងនេះកើតមានទៅបាន គឺដោយឈរលើស្មារតី “សិល្បៈនៃការចែករំលែក” ក្រោមដំបូលនៃសុខសន្តិភាព និងវឌ្ឍនភាពនៃសង្គមជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសូមអរគុណប្រជាពលរដ្ឋស្រុកស្រីសន្ធរ ដែលតែងជឿទុកចិត្ត និងផ្តល់ការគាំទ្រដល់ សម្តេចតេជោ ហើយតែងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងរយៈកាលកន្លងមក និង សូមបន្តជួយគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យមានឱកាសបន្តបំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែសុខសាន្ត និងរុងរឿង តាមរយៈការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមជាមួយនឹងការខិតខំពង្រឹង និងពង្រីកនូវសមិទ្ធផលវិជ្ជមានទាំងទ្បាយឱ្យកាន់រីកដុះដាល និងខ្លាំងក្លាបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ


