Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយរដ្ឋប្រហារទម្លាក់សម្ដេចឪសីហនុ ១៨មីនា ឆ្នាំ១៩៧០ សម្ដេចតេ ជោ ហ៊ុន សែន ចូលព្រៃម៉ាគី តាមការអំពាវនាវរបស់សម្តេចឪ

ភ្នំពេញ ៖ អស់រយៈពេល៥២ឆ្នាំមកហើយគិតចាប់ពីការឈានចូលប្រឡូកក្នុងជីវិត នយោបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពីក្រុមលោក លន់ នល់ និងព្រះអង្គម្ចាស់សិរីមតៈ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ពីអំណាចនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ក្រោយការធ្វើរដ្ឋប្រហារបាន៥ថ្ងៃពោលគឺនៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩៧០ វិទ្យុប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្សព្វផ្សាយសេចក្ដីថ្លែការណ៍របស់សម្ដេចឪ អំពាវនាវឲ្យកូនចៅរបស់ព្រះអង្គចូលព្រៃម៉ាគី ដើម្បីតស៊ូផ្តួលរលំរបបលន់នល់ ព្រមទាំងព្រះអង្គអំពាវនាវឲ្យបង្កើតរណសិរ្សរួបរួមជាតិ និងកងទ័ពរំដោះជាតិដែលជាកម្លាំងដ៏ធំមួយដើម្បីផ្តួលរំលំរបបលន់នល់។

សម្រាប់សម្តេចតេជោ ហ៊ុន សែន គ្រានោះស្ថិតក្នុងភាពជាយុវជនខ្មែរពោរពេញដោយសេចក្តីក្លាហាន និងមានភក្ដីភាពបំផុតចំពោះសម្ដេចឪនោះ សម្តេចតេជោក៏បានសម្រេចចិត្តចូលព្រៃម៉ាគីតាមការអំពាវនាវរបស់សម្តេចឪសីហនុនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៧០។ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ជាសាធារណៈថា សម្តេច បានសម្រេចចិត្តចូលព្រៃម៉ាគីនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧០ គឺស្ថិតនៅក្នុងម្តុំចម្ការកៅស៊ូជប់ពាមជាំងខេត្តកំពង់ចាម ហើយថ្ងៃទី០៤ ខែមេសានេះដែរ ក៏បានក្លាយជាថ្ងៃខួបកំណើតនយោបាយរបស់សម្តេចតរៀងមកទល់បច្ចុប្បន្នផងដែរ។ ដោយសារតែភក្តីភាពចំពោះសម្ដេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ការធ្វើរដ្ឋប្រហារទម្លាក់ សម្តេចឪ សីហនុ របស់ក្រុមលោក លន់ នល់ និងព្រះអង្គម្ចាស់សិរីមតៈ បានទាក់ទាញទឹកចិត្តយុវជននាសម័យនោះយ៉ាងខ្លាំង ក្នុងនោះរួមមានយុវជន ហ៊ុន សែន ម្នាក់ដែរ។ ការអំពាវនាវរបស់សម្តេចឪត្រឹមរយៈពេលជាងកន្លះខែប៉ុណ្ណោះ បានទាក់ទាញយុវជនប្រមាណជាង៣០០នាក់ នាំគ្នារត់ចូលព្រៃម៉ាគី ក្នុងជួរកងទ័ពរំដោះជាតិកម្ពុជាដែលជាចលនារំដោះជាតិមួយមានភាពល្បីល្បាញបំផុតនាពេលនោះ ដោយបានបោះទីតាំងនៅស្រុកមេមត់ ដែលបច្ចុប្បន្នស្ថិតក្នុងខេត្តត្បូងឃ្មុំ។ ក្រៅពីសម្តេចតេជោ ហ៊ុន សែន ក្នុងចំណោមយុវជនយុវតីជាង៣០០នាក់នោះ ក៏មានយុវតី សាម ហ៊ាង គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបច្ចុប្បន្ននេះផងដែរ។

នៅក្នុងសៀវភៅមានចំណងជើងថា ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា (HUN SEN Strongman of Cambodia) អ្នកនិពន្ធលោក Harish C. Mehta និងភរិយារបស់គាត់ឈ្មោះ Julie B. Mehta បានសរសេរនៅក្នុងអាម្ភកថា របស់គាត់អំពីសម្តេចតេជោ ហ៊ុន សែន ថា មាននាយករដ្ឋមន្ត្រីតិចណាស់ដែលបានឆ្លងកាត់ជីវិតយ៉ាងច្រើន ក្នុងដំណើរជីវិតនាពេលតែមួយ ជាកុមារនៅជំទង់ ជាក្មេងប្រុសនៅវត្ត ជាទាហាន ជាវីរជនប្រកបដោយមនោសញ្ចេតនា ជាអ្នករំដោះ ជាអ្នកការទូត និងជាបុរសខ្លាំង។ សម្តេចតេជោបានវិវត្តខ្លួនលោកពីកុមារាក្មេងវត្ត យុទ្ធជនកម្មាភិបាលយោធា មេបញ្ជាការវរសេនាធំ សមាជិក រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ប្រធានសមាគមយុវជនប្រជាជនបដិវត្តន៍កម្ពុជា រដ្ឋមន្ត្រីការបរទេស នាយករដ្ឋមន្ត្រី និងជាពិសេសមុខតំណែងជាសមាជិកម្នាក់នៃគណបក្សប្រជាជនកម្ពុជា (CPP) រហូតដល់ត្រូវបានបក្សកាន់អំណាច ដ៏រឹងមាំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោកឲ្យកាន់តំណែងជាប្រធានគណបក្សប្រជាជន (CPP) ចាប់តាំងពីឆ្នាំ២០១៥មក។

សម្តេចតេជោ ហ៊ុន សែន មាននូវគុណូបការៈដ៏ច្រើនសម្បើមឥតគណនាចំពោះជាតិមាតុភូមិ និងប្រជាជនរបស់លោក។ លោកគឺជាអ្នកដឹកនាំការរំដោះជាតិ អាយុជីវិតខ្មែររាប់លាននាក់ឲ្យរួចផុតពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ កំពូលអ្នកចរចាស្វែងរកសន្តិភាពជូនជាតិកម្ពុជា ឲ្យចេញផុតពីសង្គ្រាមស៊ីវិលហែកហួររវាងជាតិខ្មែរគ្នាឯង ដោយសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ដឹកនាំគោលនយោបាយឈ្នះៗបញ្ចប់នូវសង្គ្រាមស៊ីវិលនៅកម្ពុជា បានជាស្ថាពរនាថ្ងៃ២៩ធ្នូ ឆ្នាំ១៩៩៨ ជាអគ្គស្ថាបត្យករសេដ្ឋកិច្ច ដោយនាំប្រជាជនកម្ពុជាមកស្គាល់សេដ្ឋកិច្ចទីផ្សារសេរី មានប្រាក់ចំណូលកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ដឹកនាំកម្ពុជាសមាហរណកម្មជាអង្គការតំបន់ និងពិភពលោកជាច្រើន ជាអាទិ អាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក (WTO) មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) ជាដើម៕រក្សាសិទ្ធិដោយ ៖ អាន ច័ន្ទថ្លា

×