ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកKIAមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកម៉ូតូរួចបន្តទៅបុ.កបង្គោលភ្លើងមួយដើម យ៉ាងពេញទំហឹង បណ្ដាលឲ្យបា.ក់ចំណែកឯរថយន្តបង្កវិញ រងការខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង ៣០នាទីយប់ថ្ងៃទី ១៧ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាកkiAមួយគ្រឿង ពណ៌កណ្តុប្រមេះពាក់ផ្លាកលេខភ្នំពេញ 2AG-9574 បើកបរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុកម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IY-2480 រួចបន្តលឿនទៅបុកនឹងបង្គោលភ្លើង យ៉ាងពេញទំហឹងបណ្ដាលឲ្យបា.ក់មួយដើម ទ្រេតជិតដល់ដី ចំណែករថយន្តបង្កវិញ រងការខូចខាតខ្ទេចមួយកំណាត់មុខទាំងស្រុង រីឯតៃកុងបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះវាស់វែង ស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





