ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួនបានចេញទៅក្រៅប្រទេស ដើម្បីស្វែងរកសេវាព្យាបាល ដូចជាការវះកាត់ដើម្បីដូរក្រលៀនជាដើម ដែលត្រូវចំណាយលុយច្រើន, ខ្ញុំមិនដឹងថា តើថ្ងៃក្រោយគួរយើងធ្វើយ៉ាងម៉េចអំពីបញ្ហានេះ ព្រោះបើយើងមិនឲ្យវះកាត់ដូរឱ្យគាត់ ក៏គាត់គង់តែទៅដូរនៅប្រទេសក្រៅដែរ, អីចឹងទេ តើយើងគួរដោះស្រាយបញ្ហានេះក្នុងប្រទេសរបស់យើងដោយផ្តល់លទ្ធភាពនេះឲ្យក្លាយជាភាពស្របច្បាប់តែម្តង ឬយ៉ាងណា សូមឲ្យគិតគូរលើបញ្ហានេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីបញ្ហាវះកាត់ដូរក្រលៀននេះ ក្នុងឱកាស សម្ដេច និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ) នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដែលត្រូវបានសាងសង់រួចរាល់ និងបំពាក់បរិក្ខារទំនើប ចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពវះកាត់ប្តូរក្រលៀននេះឱ្យទៅជាស្របច្បាប់នៅក្នុងប្រទេសកម្ពុជា, ព្រោះថា កម្ពុជាយើងមានសមត្ថភាព ប៉ុន្តែត្រូវធ្វើយ៉ាងណាឱ្យការផ្លាស់ប្តូរនេះមានភាពស្របច្បាប់។ កន្លងមក ក៏ដូចជាបច្ចុប្បន្ន មានប្រជាពលរដ្ឋខ្លះបានខូចក្រលៀន ហើយត្រូវការដូរក្រលៀន តម្រូវឲ្យចេញទៅក្រៅប្រទេសស្វែងរកសេវាព្យាបាលវះកាត់ដោះដូរ, ប៉ុន្តែចាប់តាំងពីឆ្នាំ២០១០មក គឺកម្ពុជាមានសមត្ថភាព និងលទ្ធភាព ក្នុងការដូរក្រលៀននេះ ដែលធ្វើឡើងនៅឯមន្ទីរពេទ្យព្រះកេតុមាលា (មន្ទីរពេទ្យកងទ័ព) តែគ្រាន់តែមិនមានការផ្សព្វផ្សាយប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីទិដ្ឋភាពធ្វើការផ្លាស់ប្ដូរក្រលៀនកន្លងមកនៅឯមន្ទីរពេទ្យព្រះកេតុមាលា, ពេលនោះ មានសមត្ថកិច្ចរបស់យើង គាត់ថា ជាការរកស៊ីលក់ដូរសរីរាង្គមនុស្ស តែការពិត សាច់ញាតិរបស់គេនាំមក មានការស្ម័គ្រចិត្តត្រឹមត្រូវ។ ពេលកំពុងវះកាត់ដូរក្រលៀន ស្រាប់តែសមត្ថកិច្ចស្ទុះចូលទៅចាប់ ពេលនោះប្រសិនបើគ្មានការអន្តរាគមន៍ពីខ្ញុំទាន់ពេលទេ អ្នកដែលត្រូវប្តូរក្រលៀន និងអ្នកបរិច្ចាគក្រលៀន នឹងស្លាប់ទាំង២នាក់។ ឥឡូវ ជាង ១០ឆ្នាំ បានកន្លងផុតទៅហើយ សមត្ថភាព លទ្ធភាព គឺគ្រូពេទ្យកម្ពុជាយើងបានដឹងច្បាស់ ហើយ, ដូច្នេះ សូមឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់យើងធ្វើការពិចារណាឲ្យវាទៅជាស្របច្បាប់តែម្តងទៅ។

បើតាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលទើបសម្ពោធនេះ មានបង្ហាញអំពីសមត្ថភាពក្នុងការវះកាត់ប្តូរក្រលៀន និងប្តូរថ្លើម រួមទាំងអវៈយវៈមួយចំនួនទៀតផងដែរ។ ប៉ុន្តែ ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ឲ្យកាន់តែច្បាស់ថែមទៀតថា ពិតមែនតែខ្ញុំណែនាំឲ្យរដ្ឋមន្ត្រីសុខាភិបាល សិក្សាពិនិត្យលទ្ធភាព ក្នុងការអនុញ្ញាតឲ្យមានការវះកាត់ប្តូរក្រលៀនឱ្យទៅជាស្របច្បាប់ក្តី , ប៉ុន្តែ ខ្ញុំ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យមានការជួញដូរនោះទេ, បើមានការស្ម័គ្រចិត្ត និងការលះបង់ គឺត្រូវរកក្រុមគ្រួសាររបស់អ្នកជំងឺ ឬអ្នកស្ម័គ្រចត្តិ ដើម្បីបញ្ជាក់ឲ្យបានច្បាស់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN














