Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបថា ឯកឧត្តម ហ្សាហ៊ីរូឌីន បាបាសាហ៊ីម បានគោរពថ្លែងអំណរគុណជូនសម្ដេចតេជោ ហ៊ុន សែន ចំពោះការចំណាយពេលដ៏មមាញឹក អនុញ្ញាតឲ្យឯកឧត្តម បានចូលជួបសំដែងការគួរសម ។ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលឯកឧត្តមបានធ្វើជា ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ រយៈពេលជាង ១ខែនៅកម្ពុជា ឯកឧត្តម សង្កេតឃើញថា ប្រទេសកម្ពុជា មានការអភិវឌ្ឍស្រស់ស្អាត ជាមួយនឹងប្រជាជនមានភាពរាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ។ ឯកឧត្តម សាហ៊ីម បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ប៉ាគីស្ថាន ចាត់ទុកកម្ពុជា ជាដៃគូសំខាន់ ក្នុងន័យនេះ បេសកកម្មរបស់ឯកឧត្តម គឺបន្តសកម្មភាពដែលមានស្រាប់ផង និងធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក្នុងទិសដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង២ ឱ្យឈានដល់កម្រិតថ្មីមួយទៀតផង ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះឯកឧត្តម សាហ៊ីម ដែលទើបត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោ បានស្វាគមន៍ផងដែរ នូវការលើកឡើងរបស់ឯកឧត្តម សាហ៊ីម ហើយបានលើកទឹកចិត្តឲ្យឯកឧត្តម សាហ៊ីម ពិនិត្យមើលសក្ដានុពលផ្សេងៗទាំងឡាយ ដែលប្រទេសទាំងពីរអាចធ្វើបាន ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលមានសារៈសំខាន់សម្រាប់ការបំពេញឲ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលទំនាក់ទំនងមានវ័យចំណាស់រហូតដល់ទៅ ៧០ឆ្នាំក្នុងឆ្នាំនេះ ។

សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តម សាហ៊ីម ផងដែរថា ក្នុងក្របខ័ណ្ឌអាស៊ាន អ្វីដែលកម្ពុជាចង់បាន ក្នុងនាមជាប្រធានអាស៊ាន គឺការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើងវិញ ក្នុងគ្រាកំពុងរៀនរស់នៅជាមួយកូវីដ-១៩ ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយបានស្នើសុំឱ្យរដ្ឋាភិបាលប៉ាគីស្ថាន បន្ត ផ្ដល់អាហារូបករណ៍ដល់កម្ពុជា តទៅទៀត ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×