ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។
ក្រសួងបានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឥទ្ធិពលសម្ពាធទាបសកម្ម ដែលនឹងកើតឡើងនៅសមុទ្រចិនខាងត្បូង ក្បែរភាគខាងត្បូងប្រទេសវៀតណាម។ នៅថ្ងៃទី២-៥ ខែមេសា ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតបង្ហូរ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១) បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C, សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C, នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ទន្ទឹមនោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចបន្ថែមទៀត។
២) បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C, សីតុណ្ហភាពអតិបរមា មានពី៣១-៣៤ °C, នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់នៅថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ទន្ទឹមនោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចបន្ថែមទៀត។
៣) តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C, សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C, នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី