Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋជាង ៥០០គ្រួសារ ជួបការលំបាកផ្នែកជីវភាព ក្នុងស្រុកឯកភ្នំ ទទួលអំណោយពីសម្តេចក្រឡាហោម ស ខេង

ភ្នំពេញ ៖ ឯកឧត្តម ស សុខា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ ជួបសំណេះសំណាល និងចែកអំណោយជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៥២២គ្រួសារ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះ។

អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានចែកជូនប្រជាពលរដ្ឋទាំង ៥២២គ្រួសារ ក្នុងស្រុកឯកភ្នំ នាឱកាសនោះ ១គ្រួសារៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ អំបិល ២គីឡូក្រាម ទឹកបរិសុទ្ធ ២កេស ម៉ាស ១ប្រអប់ ខោអាវកីឡា ១កំប្លេ និងថវិកា ចំនួន ២ម៉ឺនរៀល ។

ឯកឧត្តម ស សុខា ក្នុងនាមសម្តេចក្រឡាហោម និងលោកជំទាវ ក៏បានស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាអនុវត្តចំណុចមួយចំនួន ដូចខាងក្រោម ៖
១. សូមបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ តាមរយៈការអនុវត្តរាល់វិធានការចាំបាច់នានាដែលក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរ បានណែនាំ ដោយចាប់ផ្តើមពីការការពារខ្លួនឯង សមាជិកគ្រួសារ កុំឲ្យឆ្លងជំងឺនេះ និងទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ដូស តាមដំណាក់កាលដែលរាជរដ្ឋាភិបាល ផ្តល់ជូន ។
២. បន្តស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ឲ្យបានទាន់ពេលវេលា ក្នុងករណីមានតម្រូវការចាំបាច់នានាដើម្បីអាជ្ញាធរដោះស្រាយ ឬក៏ចាត់បញ្ជូន ក៏ដូចជាមានសំណើមកកាន់ថ្នាក់លើបន្ត ។
៣. សូមពុកម៉ែ អ៊ំ ពូមាមីង បងប្អូនប្រជាពលរដ្ឋបង្កើនការដាំដុះដំណាំផ្សេងៗ ចិញ្ចឹមសត្វ និងអនុវត្តកម្មវិធីវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាព និងសម្រាលដល់ការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
៤. សូមអាជ្ញាធរមូលដ្ឋាន បន្តខិតខំប្រឹងប្រែងតាមដានរាល់ស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដោយកំណត់មុខសញ្ញាជនរងគ្រោះ និងជនងាយរងគ្រោះក្នុងបរិការណ៍ នៃវិបត្តិកូវីដ-១៩ ឲ្យបាន ដើម្បីងាយស្រួលក្នុងការត្រៀមលក្ខណៈជួយអន្តរាគមន៍ បានទាន់ពេលវេលា ពោលគឺមិនត្រូវទុកពលរដ្ឋណាម្នាក់ ដែលមានបញ្ហា ឲ្យនៅរងាឯកា ដោយយើងមិនបានដឹងនោះទេ ពិសេសមិនត្រូវឲ្យមានការរើសអើងកើតឡើងឡើយ ។
៥. សូមអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោមទៅតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ។

ជាមួយគ្នានេះ ឯកឧត្តម ស សុខា បានគោរពជូនពរ និងជូនពរពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ចៀសផុតពីជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×