ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញលទ្ធផលផ្លូវការ នៃការធ្វើតេស្តពិសោធន៍លើទឹក ដោយបង្ហាញថា ទឹកដែលប្រជាពលរដ្ឋប្រើប្រាស់នៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះនោះ គឺមានសារធាតុគីមីសម្លាប់ស្មៅ និងសម្លាប់សត្វល្អិតកម្រិតខ្ពស់ ដែលសារធាតុនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។ ចំណែកឯក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក៏បានចេញសេចក្តីប្រកាសព័ត៌មានផងដែរថា ករណីពលរដ្ឋពុលស្លាប់និងរបួសនោះ ដោយសារតែពលរដ្ឋបានពិសាស្រាស មានសារធាតុមេតាណុលស្រាស មានកម្រិតខ្ពស់បំផុត។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ឆ្លងកាត់ការពិសោធន៍រកឃើញថា៖១៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ លទ្ធផលទទួលបានពីការធ្វើតេស្តលើសំណាកទឹក ឃើញថា មានជាតិពុលដែលបណ្តាលមកពីថ្នាំបាញ់សម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិតហូរចូលក្នុងព្រែកទេ និងអូរគគីរ មានលើសពីកម្រិតស្តង់ដាររហូតដល់ពី ១២,៣៩ppd ដល់ ២៦.១២ppb (ppb: part per billion= microgram per liter) ដែលកំហាប់សរុបមិនត្រូវលើសពី ០,៥ppd ឡើង (ស្តង់ដារអឺរ៉ុប)។
២៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ លទ្ធផលទទួលបានពីការធ្វើតេស្តពិសោធន៍លើសំណាកស្រាស ឃើញថា មានជាតិមេតាណុលខ្ពស់ លើសកម្រិតរហូតដល់១៤,៩ភាគរយ ដែលធ្វើឲ្យពុលខ្លាំង ដែលមានកម្រិតមិនពុលនោះមិនត្រូវលើសពី០,១ភាគរយឡើយ។
ក្រសួងសុខាភិបាលបានបញ្ជាក់ និងសន្និដ្ឋានថា អ្នកដែលមានរោគសញ្ញាស្របតាមនិយមន័យ ពុល គឺពុលដោយសារពិសារស្រាស ដែលមានជាតិមេតាណុលខ្ពស់លើកកម្រិត និងពុលដោយសារការបរិភោគទឹកយកពីព្រៃកទេ និងអូរគគី ដែលមានជាតិគីមីពុលដោយសារថ្នាំបាញ់ស្មៅ និងសត្វល្អិត ដែលហូរចូលក្នុងព្រែក និងអូនោះមានកំហាប់លើសកម្រិត។
ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅរសៀលថ្ងៃនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះ សូមមេត្តាបញ្ឈប់ការប្រើប្រាស់ទឹកនោះជាបន្ទាន់សិន ដើម្បីជៀសវាងបញ្ហាដល់អាយុជីវិត។ សូមឲ្យអាជ្ញាធរមូលដ្ឋានជួយផ្តល់ទឹកស្អាតដល់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នសិន។
លោកវ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារពុលស្រា និងពុលទឹក នៅឃុំកន្ទួត ស្រុកចិត្របុរី មួយចំនួនបានធូរស្រាល ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញជាបណ្តើរៗហើយ។
ចំណែកក្រសួងឧស្សាហកម្ម និងសិប្បកម្មវិញ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីពុលស្រាស និងទឹកនៅតាមបណ្តោយ និងដៃព្រែកទេរ ក្នុងខេត្តក្រចេះ ដោយបានបង្ហាញពីលទ្ធផល នៃការធ្វើពិសោធន៍រកឃើញ សារធាតុមេតាណុលលើសកម្រិតនៅក្នុងស្រាសរហូតដល់ជាង១១ភាគរយ និងទឹកព្រែកទេរ លើសកម្រតិស្តង់ដារដល់១៧៣មីក្រូក្រាមក្នុងទឹកមួយលីត្រ ដែលជាហេតុផល នាំឲ្យមានអ្នកស្លាប់ និងរងគ្រោះជាង៣០០នាក់។
ក្រសួងឧស្សាហកម្ម បានប្រើប្រាស់នូវមន្ទីរពិសោធន៍ចល័តរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ចុះពិនិត្យនិងស្រាវជ្រាវផ្ទាល់នៅកន្លែងកើតហេតុ ដើម្បីរកមូលហេតុដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងកំពុងសង្គ្រោះបន្ទាន់ ដោយបានប្រមូលយកសំណាកគំរូ ស្រាស និងទឹកក្នុងព្រែកទេរ នៅកន្លែងកើតហេតុ ពិនិត្យ នៅនឹងកន្លែង និងនៅមន្ទីរពិសោធន៍ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។ ជាលទ្ធផលនៃការធ្វើសេត្តវិភាគបឋមនៅនឹងកន្លែង និងនៅក្នុងមន្ទីរពិសោធន៍ បានបង្ហាញថា គំរូស្រាស មានសារធាតុ មេតាណុល ១១,២២ភាគរយ ដែលកម្រិតស្តង់ដារ អនុញ្ញាតឲ្យមានខ្ពស់បំផុតត្រឹមតែ០,១៥ភាគរយប៉ុណ្ណោះ។ គំរូសំណាកទឹកព្រែកទេរ មានសារធាតុ ក្រូម រហូតដល់១៧៣មីក្រូក្រាមក្នុងទឹកមួយលីត្រ ដែលកម្រិតស្តង់ដារអនុញ្ញាតឲ្យមានខ្ពស់បំផុតត្រឹមតែ៥០មីក្រូក្រាមក្នុងទឹកមួយលីត្រ និងមានសារធាតុនីទ្រីតរហូតដល់ ៧-២៣មិល្លីក្រាមក្នុងទឹកមួយលីត្រ ដែលកម្រិតស្តង់ដារអនុញ្ញាតឲ្យមានខ្ពស់បំផុតត្រឹមតែ៣មិល្លីក្រាមក្នុងទឹកមួយលីត្រ។
យោងតាមឯកសារ Elements de Toxicologie Analytique សម្រាប់មនុស្សពេញវ័យ ប្រសិនបើពិសាមេតាណុលសុទ្ធក្នុងបរិមានពី២០ទៅ៥០មិល្លីលីត្រ អាចបណ្តាលឲ្យជនរងគ្រោះស្លាប់បាន។ ដូចនេះបើគាត់ពិសាស្រាពុលខាងលើ ក្នុងបរិមាណចាប់ពី១៨០មិល្លីលីត្រ ឡើងទៅ អាចបណ្តាលឲ្យគាត់ស្លាប់បាន។ ចំពោះផលប៉ះពាល់សុខភាពដោយសារធាតុក្រូម មានកន្ទួលស្បែក ក្រពះ និងដំបៅរលាក បញ្ហាផ្លូវដង្ហើម ប្រព័ន្ធភាពស៊ាំចុះខ្សោយ ការខូចតម្រងនោម និងថ្លើម ការផ្លាស់ប្តូរសម្ភារៈហ្សែន មហារីកសួត និងអាចបណ្តាលឲ្យស្លាប់។ ចំណែកប៉ះពាល់សុខភាពដោយសារធាតុនីទ្រីត មានជំងឺមហារីកក្រពះ ជំងឺរាករួស ក្អូត និងអាចបណ្តាលឲ្យស្លាប់។
គួរបញ្ជាក់ថា បើតាមប្រធានមន្ទីរសុខាភិបាល ខេត្តក្រចេះ បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់។ សម្រាប់ជនរងគ្រោះដែលបាត់បង់ជីវិតទាំង១៣នាក់ គឺស្លាប់នៅផ្ទះចំនួន៦នាក់ ស្លាប់នៅមន្ទីរពេទ្យបង្អែកម្នាក់ ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត២នាក់ ស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់ និងស្លាប់នៅតាមផ្លូវពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់។
គួររំលឹកដែរថា៖ហេតុការណ៍បានកើតឡើ
ងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយប្រជាពលរដ្ឋរងគ្រោះមានរោគសញ្ញា៖ ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និងថប់ដង្ហើម រហូតបណ្តាលឲ្យស្លាប់ និងជនរងគ្រោះជាច្រើននាក់ផ្សេងទៀត ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕ ដោយ៖បញ្ញាស័ក្តិ