Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២ ឆ្នាំមុន ដំរីស្រុកញីមួយក្បាលឈ្មោះជីប៉ាល់ ត្រូវបានដំរីព្រៃឈ្មោល ចេញមកគៀងចូលទៅក្នុងព្រៃ ឥឡូវនេះ ដំរីញីនេះប្រសូត្របានកូនដំរីញីមួយក្បាល

ភ្នំពេញ ៖ ពិតជារឿងដ៏អស្ចារ្យនិងនឹកស្មានមិនដល់ ដំរីញីឈ្មោះជីប៉ាល់ដែលត្រូវបានដំរីព្រៃឈ្មោលមួយក្បាលគៀងចូលព្រៃអស់រយៈពេល ២ សប្តាហ៍មុននឹងត្រឡប់មកកាន់ទីតាំងអភិរក្សវិញក្នុងខេត្តំណ្ឌលគិរីបានផ្តល់កំណើតដល់កូនដំរីញីមួយក្បាលកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះប្រកប ដោយភាពភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាដំរីញីជីប៉ាល់មានផ្ទៃពោះឡើយ។ «ជីប៉ាល់» ជាដំរីស្រុកញី តែមួយគត់នៅខេត្តមណ្ឌលគិរី ដែលទើបបង្កើតបានកូនញីមួយក្បាលឈ្មោះនាង«ជីពេជ្រ» ដែលជាកូនដំរីស្រុកកាត់ព្រៃមួយក្បាល ដែលទើបនឹងកើតលើទឹកដីខេត្តមណ្ឌលគិរី។ ដាក់ឈ្មោះជីពេជ្រដោយសារតែកូនដំរីញីមួយក្បាលនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។

កញ្ញា Jemma Bullock ប្រធានអង្គការ ELIE ធ្វើការងារលើការអភិរក្សសត្វដំរី បានលើកឡើងថា រូបនាងពិតជាមានសេចក្តីរំភើបរីករាយបំផុតព្រោះជាលើកទីមួយហើយដែលមានកូនដំរីស្រុកកាត់ព្រៃនៅលើទឹកដីនៃខេត្តមណ្ឌលគិរី។ កញ្ញាបានពន្យល់ថា មូលហេតុដែលដាក់ឈ្មោះ «ជីពេជ្រ» គឺដោយសារកូនដំរីញីនេះ មានតម្លៃស្មើគ្រាប់ពេជ្រមួយគ្រាប់ ដែលបានចាប់កំណើតនៅខេត្តមណ្ឌលគិរី។ កញ្ញាបានបន្តទៀតថា អ្នកទាំងអស់គ្នាប្រហែលជាអាចចាំបានថា ២ ឆ្នាំមុន មានដំរីព្រៃឈ្មោលមួយក្បាលបានចេញពីតំបន់ការពារនៃដែនជម្រកសត្វព្រៃកែវសីមា ហើយបានដើរឆ្លងកាត់ ព្រៃសហគមន៍ពូត្រំ រហូតបានមកដល់ទីតាំងអភិរក្សសត្វដំរី Elephant Valley Project របស់យើង បន្ទាប់មកបាននាំជីប៉ាល់ទៅក្នុងព្រៃជាមួយរយៈពេល ២សប្តាហ៍ ដែលជាលទ្ធផលធ្វើអោយនាង(ជីប៉ាល) មានផ្ទៃពោះដោយមិនបានព្រៀងទុក។កញ្ញាបានបន្តទៀតថា ម្តាយនឹងកូនមានសុខភាពល្អបន្ទាប់ពីបានសម្រាលកូនបានបីថ្ងៃ ដែលជីប៉ាល់បានអស់កម្លាំងខ្លាំងបន្ទាប់ពីសម្រាលជីពេជ្រ។ កញ្ញាបានបន្តទៀតថា មុនដំបូងយើងមានការព្រួយបារម្មណ៍ខ្លាំង ខ្លាចមេដំរីខឹង នឹងខ្លាចកូនដំរីហើយរត់ទៅឆ្ងាយ ប៉ុន្តែអ្វីដែលយើងគិតគឺខុសស្រឡះ ព្រោះដំរីញីជីប៉ាល់បានបង្ហាញក្តីស្រឡាញ់ ការពារយកចិត្តទុកដាក់ចំពោះកូន បំបៅដោះកូន ធ្វើឱ្យកូនរឹងមាំនឹងសុខ ភាពល្អ។ បច្ចុប្បន្ន ជីពេជ្រ មានសុខភាពល្អ ក្រោមការមើលថែរបស់ក្រុមការងារអភិរក្សសត្វដំរី នឹងម្តាយរបស់នាងផងដែរ។

លោកកែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានថ្លែងថា កូនដំរីជីពេជ្រគឺជាកូនដំរីព្រៃញី០១ក្បាល ដែលកើតចេញពីសេចក្តីស្នេហារវាងដំរីព្រៃឈ្មោល និងដំរីស្រុកញីឈ្មោះ ជីប៉ាល់កាលពីអំឡុងថ្ងៃទី២២ មេសា ឆ្នាំ២០២០។ ជីពេជ្រនាងកើតនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ដែលអាជ្ញាធរខេត្ត ក៏ដូចជាក្រុមការងារអភិរក្ស មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងបងប្អូនជនជាតិដើមភាគតិចពូនងនៅភូមិពូត្រុំរង់ចាំអស់រយ:ពេល ២៣ខែ ៣ថ្ងៃដែលជីពេជ្របានប្រសូត្រចេញមកជាកូនដំរីញី ១ក្បាលដែលមានឪពុកជាដំរីព្រៃ និងម្តាយជាដំរីស្រុក។ លោក បានថ្លែងថា ក្នុងនាមមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជានិច្ចកាលតែងតែគាំទ្រទៅលើសកម្មភាពអភិរក្ស ធនធានធម្មជាតិ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ បងប្អូនជនជាតិដើមភាគតិចពូនងនៅក្នុងខេត្តមណ្ឌលគិរី។ តាមទំលាមទំលាប់ប្រពៃណី របស់បងប្អូនជនជាតិដើមភាគតិចព្នង ក្នុងខេត្តមណ្ឌលគិរីកាលណាដំរី ស្រុកមានកូនគេត្រូវតែសែនព្រេនដោយកាប់ក្របី គោ ជ្រូកមាន់ទា ដើម្បីសុំសេចក្តីសុខ។

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ជីពេជ្រ គឺជាកូន ដំរីស្រុកទី២ ដែលបានកើតក្នុងរយៈពេល ៣ ខែចុងក្រោយក្រោយនេះ ខណៈកាលពីខែធ្នូ ឆ្នាំ២០២១ កូនដំរីស្រុកមួយក្បាលឈ្មោះណូអ៊ែលបានកើតនៅលើទឹកដីខេត្តរតនគិរី។ នេះគឺជាដំណឹងដ៏គួរឱ្យរីក រាយបំផុត។ ឯកឧត្តមបានថ្លែងថា តាយរយៈរូបភាពពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលមន្ត្រីក្រុមអ្នកស្រាវ ជ្រាវបានថតបានពីក្នុងព្រៃធម្មជាតិ មានកូនដំរីតូចៗជាច្រើនត្រូវបានកត់សម្គាល់ក្នុងហ្វូងដំរីធំៗក្នុង ព្រៃ។ វត្តមាននៃកូនដំរីព្រៃ និងកូនដំរីក្នុងស្រុកគឺជាក្តីសង្ឃឹមនៃការអភិរក្សសត្វដំរីអាស៊ីនៅកម្ពុជា។ នៅកម្ពុជាមានដំរីអាស៊ីចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផល ដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួន ៧១ ក្បាល។

នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុកនិងកន្ទុយ ដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មានដោយសារតែការអនុវត្តច្បាប់តឹងរឹង។ ប៉ុន្តែបានកត់សម្គាល់ឃើញថា ជម្លោះរវាងមនុស្សនិងសត្វដំរីព្រៃបានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីទាំងចម្ងាយឆ្ងាយនិងចម្ងាយជិតតាមរដូវកាល និងការស្វែងរកចំណីអាចរងការរំខាន ដោយសារតែវត្តមាន របស់មនុស្សនៅក្នុងតំបន់ដែនជម្រករបស់ពួក វានិងលើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតប ពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការ សម្លាប់ជាការសងសឹកនឹងដំរីព្រៃ ដែលបានចូលមកស៊ីដំណាំរបស់ពួកគេ។ ពលរដ្ឋខ្លះបានប្រើប្រាស់មធ្យោបាយផ្សេងៗ ដើម្បីរំខានដំរីដូចជាការធ្វើក្តារដាំដែកគោល ដាក់តាមផ្លូវដើម្បីកុំឱ្យដំរីចូលស៊ីដំណាំរបស់ខ្លួនជាដើម។ ការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ផ្ទះសម្បែង និងការដាំដំណាំនៅតាមច្រករបៀង ដែលសត្វដំរី ឆ្លងកាត់ក៏ជាបញ្ហាមួយចោទផងដែរ។

ចំពោះមុខនៃការគំរាមកំហែងនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បានខិតខំរៀបចំផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ី ដោយបានថ្លែងថា៖ «ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាព និងជំរុញឱ្យមានកំណើនចំនួន ប្រភេទនេះនៅក្នុងព្រៃ នៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បី អភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្ស ត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ដោយបាន កំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន ១) ការកាត់បន្ថយការបាត់បង់ទីជម្រក ២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣) ពង្រឹងការអនុវត្តច្បាប់ ៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស ៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញ សកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។ យោងតាមការប៉ាន់ស្មាន ផែនការសកម្មភាពរយៈពេល ១០ ឆ្នាំដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងថវិកា រំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕ ដោយៈ ចេស្តារ

×