ភ្នំពេញ ៖ ប្រភពផ្ទៃក្នុងពីមន្រ្តីគយមួយចំនួននៅខេត្តព្រៃវែងបានធ្វើការរិះគន់ចំពោះការដឹកនាំរបស់លោកមួង ដារ៉ា អត្តលេខ ១៧២០១០០០០៥ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយ។ ដោយចាប់តាំងពីឡើងមកកាន់តំណែង (ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០) រហូតមកបច្ចុប្បន្ន គឺបានប្រើគ្រប់វិធីសាស្ត្រដើម្បីប្រមូលលុយស្រង់ដើមវិញ។ ដោយលោក មួង ដារ៉ា ចំណាយលុយច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង។

មន្ត្រីដែលសុំមិនបញញ្ចេញឈ្មោះបានទម្លាយថា បើទោះបីជារឿងអាស្រូវពុករលួយរបស់លោកមួង ដារ៉ា ត្រូវបានលាត្រដាងយ៉ាងណាក៏ដោយ ក៏មិនឃើញថ្នាក់លើមានចំណាត់ការអ្វីនោះទេ។ ដោយលោកមួង ដារ៉ា នៅតែបន្តប្រើតួនាទីឃុបឃិតជាមួយបក្ខពួក បើកដៃឲ្យឈ្មួញទាំងធំទាំងតូចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់។
បើតាមប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ បានឲ្យដឹងថា លោក គង់ សឺឌី ប្រធានការិយាល័យគយច្រកម៉ឺនជ័យ បានអនុញ្ញាតឲ្យឈ្មួញក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកកម្ពុជា។ លោក គង់ សឺឌី ហ៊ានធ្វើដូចនជ គឺដោយមានការបើកភ្លើងខៀវពីលោក មួង ដារ៉ា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង។ ហើយបើគ្មានការបើកភ្លើងខៀវពីលោក មួង ដារ៉ា គឺលោក គង់ សឺឌី ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យ មិនហ៊ាននោះទេ។
ចំណែកមន្រ្តីនៅច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច បានឲ្យដឹងដែរថា ច្រកទ្វារអន្តរជាតិបន្ទាយចក្រី ក្រោមការគ្រប់គ្រងរបស់លោក ហង្ស វណ្ណ គឺទំនិញដែលក្រុមឈ្មួញនាំចូលពីវៀតណាមតាមច្រកនេះ បង់ពន្ធមិនដល់ ៥០% នោះទេ ។ ហើយក្រៅពីនេះ គឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយមន្រ្តីគយ។ ហើយបើមិនមានការបើកភ្លើងខៀវពីលោក មួង ដារ៉ា គឺលោក ហង្ស វណ្ណ មិនហ៊ាននោះទេ។
ទាក់ទងព័ត៌មានខាងលើនេះ លោកមួង ដារ៉ា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រៃវែង លោក គង់ សឺឌី ប្រធានការិយាល័យគយច្រកម៉ឺនជ័យ និងលោក ហង្ស វណ្ណ ច្រកទ្វារអន្តរជាតិបន្ទាយចក្រី មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ CEN




