ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ក្រសួងបានបន្តសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាងភាគីកម្មករនិយោជិត ដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។

នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយជា លើកទី៦ ក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គកបដោយមានតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី ឈឹម សុខនលោកស្រី រី សុវណ្ណឌីលោកស្រី សុន ស្រីពេជ្រ, លោកស្រី ហៃ សុភាព (លោកស្រី ឈឹម ស៊ីថរ បន្តអវត្តមាន ដោយសារមានធុរៈចាំបាច់) និងតំណាង និយោជក រួមមានលោក Hein Dames, លោក ហយ វលាភលោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង ដោយភាគីទាំងពីរបានលើកឡើងនូវមតិយោបល់ ដូចខាងក្រោម៖ មតិរបស់សហជីព និងតំណាងកម្មករនិយោជិត៖
១. សង្ឃឹមថានឹងមានពន្លឺខ្លះក្នុងការទទួលបានការដោះស្រាយ និងបានពិភាក្សាគ្នាអំពីជម្រើសដែលអាច ទទួលបានលទ្ធផលឈ្នះ-ឈ្នះ សម្រាប់ភាគីវិវាទទាំងសងខាង។
ក្រុមហ៊ុនធ្លាប់បានប្រើពាក្យ “បេះដូងមនុស្សធម៌“ ចំពោះប្រជាជនខ្មែរ ហេតុអ្វីត្រឹមបុគ្គលិក ២០០នាក់ ដែលគាត់ចង់បន្តការងារនៅក្នុងក្រុមហ៊ុន បែរជាមិនអាច ទទួលយកពួកគាត់បាន ពួកយើងក៏ជាជនជាតិខ្មែរដែរ។ ដូចនេះ តំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យ ពិភាក្សាអំពីការទទួលយកកម្មករនិយោជិតចូលធ្វើការវិញ និងសង្ឃឹមថាភាគីកម្មករនិយោជិតនឹងទទួលបាននូវ ព័ត៌មានថ្មីពីក្រុមហ៊ុនលើសំណើទាមទារ ដែលជាសំណើដដែលនេះ។

២. ស្នើសុំទៅភាគីក្រុមហ៊ុនទទួលយកកម្មករនិយោជិតដែលបានបញ្ឈប់នេះ ចូលជាសមាជិកគ្រួសារ ក្រុមហ៊ុន ណាហ្គាវើលដ៍ (Naga Family) ឡើងវិញ ពីព្រោះកម្មករនិយោជិតកំពុងតែមានវិបត្តិ និងជម្រើស ទទួលយកនេះធ្វើឱ្យក្រុមហ៊ុនក្លាយជាក្រុមហ៊ុនគំរូ។
៣. មិនយល់ឃើញថា គួរពិភាក្សាអំពីចំណុចវិវាទផ្សេងៗ តាមការលើកឡើងរបស់ក្រុមហ៊ុននោះទ ពីព្រោះចំណុចវិវាទទី១ ដែលពាក់ព័ន្ធនឹងការទាមទារចូលធ្វើការវិញនេះ គឺជាជម្រើសរបស់បុគ្គលិក ដើម្បីលើក យកមកពិភាក្សា។ ដូចនេះ កម្មករនិយោជិតនៅតែចង់ឱ្យពិភាក្សាលើចំណុចវិវាទទី១ ជាមុន។ តំណាងកម្មករ និយោជិតមានចម្ងល់អំពីមូលហេតុអ្វីដែលក្រុមហ៊ុនតែងតែលើកឡើងឱ្យពិភាក្សាលើចំណុចវិវាទចំនួន៣ ផ្សេង ទៀត។
មតិរបស់តំណាងក្រុមហ៊ុន ណាហ្គាវើលដ៍៖
១. ថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានបន្តខិតខំរៀបចំឱ្យមាន
កិច្ចប្រជុំនេះ។
២. បន្តបញ្ជាក់ជំហរថា ក្រុមហ៊ុនមិនអាចទទួលយកកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ពីការងាររួម ឱ្យចូលធ្វើការវិញបានទេ ហើយក៏មិនពិចារណាក្នុងការដោះដូរតាមសំណើរបស់តំណាងកម្មករនិយោជិតនោះដែរ ដូចក្រុមហ៊ុនបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រួចមកហើយ។
៣. មិនអាចទទួលយកកម្មករនិយោជិតដែលនៅសល់ចំនួន ២០០នាក់ ដែលបានបញ្ឈប់ស្របតាមនីតិវិធី ច្បាប់ ដែលមានចែងនៅក្នុងនីតិវិធីនៃការបញ្ឈប់ពីការងាររួម។ ការបញ្ឈប់នេះ ក្រុមហ៊ុនបានកំណត់លក្ខណៈវិនិច្ឆ័យដើម្បីកំណត់ថា បុគ្គលិកណាដែលត្រូវរងផលប៉ះពាល់ក្នុងការបញ្ឈប់ការងាររួមនេះ។
៤. នៅតែមានជំហរដោះស្រាយឱ្យបានលឿនជាមួយនឹងសហជីព។ ប៉ុន្តែ ក្រុមហ៊ុនស្នើឱ្យតំណាងកម្មករ និយោជិតលើកឡើងនូវជម្រើសផ្សេងទៀត ដែលជាជម្រើសដែលអាចទៅរួច ប្រសើរជាងជម្រើសបច្ចុប្បន្ននេះ ដើម្បីយកមកពិភាក្សា ហើយក្រុមហ៊ុននឹងរង់ចាំទទួលព័ត៌មានថ្មីពីខាងតំណាងកម្មករនិយោជិត។
៥. នៅតែបន្តស្នើសុំឱ្យតំណាងកម្មករនិយោជិតពិភាក្សាលើចំណុចវិវាទចំនួន៣ ផ្សេងទៀត ដែលអាចផ្តល់ ប្រយោជន៍សម្រាប់កម្មករនិយោជិតភាគច្រើន។ ក្រុមហ៊ុនគិតថា គួរតែពិភាក្សាលើបញ្ហាដែលនៅសេសសល់ ទាំងនោះព្រោះថា ទោះបីជាដោះស្រាយនៅទីណា ឬទៅស្ថាប័នតុលាការក៏ដោយ បញ្ហាទាំងអស់នៅក្នុងវិវាទ ក៏មុខតនឹងលើកឡើងមកពិភាក្សាដដែល។ ក្រុមហ៊ុនយល់ឃើញថា ស្ថាប័នពាក់ព័ន្ធបានចំណាយពេលវេលា ច្រើនក្នុងការជួយដោះស្រាយករណីនេះ ដូច្នេះភាគីវិវាទគួរតែប្រើប្រាស់ពេលវេលានេះឱ្យមានតម្លៃ។
ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរបានឯកភាព ដូចខាងក្រោម៖
១. ភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។ ២. កំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៤៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការធ្វើសម្បទានគ្នាទៅវិញទៅមកដែលអាច ឈានទៅបញ្ចប់វិវាទនេះ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមបញ្ជាក់ផងដែរថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹង បន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។
ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយ បានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ចូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





