Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ ជូនដំណឹង ស្តីពីការអនុវត្តការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ ស្ដីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាស លេខ ២៧៧/២១ ក.ប/ប្រ.ក.អ.ឆ.ក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២២ សូម លោក លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាសអនុញ្ញាតឱ្យកម្មករនិយោជិត ទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្នុងរយៈពេល បីថ្ងៃគឺថ្ងៃទី១៤-១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្ត ទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្ន ក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាស នោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យ នីមួយៗដោយផ្លាស់វេនគ្នា។ កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យចូលខ្មែរឆ្នាំនេះ មានសិទ្ធិទទួលនូវប្រាក់ បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវ រៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សា ទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

ក្នុងករណីមានការព្រមព្រៀងគ្នា រវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុង របស់រោងចក្រ សហគ្រាស ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិត អាចអនុវត្តនៅពេលណា មួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យ ដូចមានកំណត់ក្នុងប្រកាសលេខ ២៧៧/២១ ខាងលើ។ ក្រសួងសូមក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការ “៣ ការពារ” និង “៣ កុំ” និងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×