ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនប្រមាណ ៣.៥លានដូសទៀត នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ។
វ៉ាក់សាំងដែលដឹកមកដល់ថ្ងៃស្អែកនេះ គឺជាវ៉ាក់សាំងស្ថិតក្នុងចំនួន ៥លានដូសនៃជំនួយថ្មី ២០លានដូស ដែលរដ្ឋាភិបាលចិន បានប្រកាសផ្តល់ជូនកម្ពុជា។ ក្នុងនោះ វ៉ាក់សាំងប្រមាណ ១.៥លានដូស នៃចំនួន ៥លានដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែមីនា។
ក្នុងឱកាសអញ្ជើញពិនិត្យការដឹកមកដល់នូវវ៉ាក់សាំងជំនួយជាថ្មីរបស់ចិន នាព្រឹកថ្ងៃទី២៩ ខែមីនា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងជំនួយរបស់ចិន ដែលបានដឹកមកដល់នេះនឹងយកទៅបម្រើដល់ដំណើរការចាក់ដូសជំរុញ។

បើតាមលោកជំទាវ យក សម្បត្តិ វ៉ាក់សាំងជាជំនួយរបស់ចិន ប្រមាណ ១៥លានដូសទៀត ដែលមិនទាន់ដឹកមកនោះ កំពុងស្ថិតក្នុងការជជែកគ្នា ហើយអាចនឹងរៀបចំដឹកមកកម្ពុជា ក្រោយខែកញ្ញា ឆ្នាំ២០២២។ ផែនការរៀបចំបែបនេះ ក៏ដោយសារតែក្នុងចន្លោះខែមេសា រហូតដល់ខែកញ្ញា កម្ពុជា មានផែនការទទួលវ៉ាក់សាំងតាមរយៈយន្តការកូវ៉ាក់ និងប្រទេសជាមិត្តមួយចំនួនទៀត រហូតដល់ទៅ៧លានដូស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី