ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់អំពីតម្លៃប្រេងសាំង និងម៉ាស៊ូត ឡើងតម្លៃជារៀងរហូត ហាក់ដូចជាមិនចុះថ្លៃវិញនោះ ក្រសួងពាណិជ្ជកម្មដែលជាសាមីកំណត់តម្លៃនោះ បានបញ្ជាក់ថា សមាមាត្រនៃតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា មានការកើនឡើងតិចជាសមាមាត្រ នៃការកើនឡើងតម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ គឺដោយសាររូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជា ត្រូវបានកំណត់ដោយអន្តរក្រសួងរួចហើយ ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ប្រេងឥន្ធនៈស្ទើរតែទាំងអស់ ដែលដាក់លក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានប្រភពដើមនាំចូលមកពីប្រទេសសិង្ហបុរីដូចគ្នា។
នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ តម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ មានការកើនឡើង ប៉ុន្តែទោះបីជាមានការកើនឡើងតម្លៃប្រេងឥន្ធនៈក្តី ក៏តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា មានសមាមាត្រកើនឡើងតិចជាងសមាមាត្រនៃការកើនឡើងតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ។ ជាក់ស្តែងតម្លៃលក់រាយនៅកម្ពុជា ប្រេងសាំងធម្មតា នៅក្នុងដើមខែមេសា ឆ្នាំ២០១៦ មានតម្លៃ០,៨០ដុល្លារ ក្នុងមួយលីត្រ ប៉ុន្តែនៅក្នុងចុងខែមេសា ឆ្នាំ២០១៨ មានតម្លៃ១,០២ដុល្លារ ក្នុងមួយលីត្រ កើន២៧ភាគរយ នៅពេលដែលតម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិកើនឡើង៦៣ភាគរយ ក្នុងរយៈដូចគ្នា ៕ ដោយ៖បញ្ញាស័ក្តិ