Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសម្នាក់ដែលក្លែងបន្លំជា រដ្ឋលេខាធិការ ឆបោកប្រាក់ពលរដ្ឋ ៩ ពាន់ដុល្លារ ដើម្បីយកទៅរត់ការចូលក្របខ័ណ្ឌ បម្រើការងារនៅក្រសួងទេសចរណ៍

ភ្នំពេញ ៖ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលក្លែងបន្លំជា «រដ្ឋលេខាធិការ»ក្រសួងមួយ ហើយឆបោកប្រាក់ពីពលរដ្ឋចំនួន៩ពាន់ដុល្លារដើម្បីយកទៅរត់ការចូលក្របខ័ណ្ឌ បម្រើការងារនៅក្រសួងទេសចរណ៍។

បុរសរូបនោះ មានឈ្មោះ ទ្រី សារិទ្ធិ ហៅ ឈុន ហុងលី ត្រូវបានតុលាការចោទប្រកាន់ពីបទមួយចំនួនក្នុងនោះមានដូចជា ក្លែងបន្លំឯកសារសាធារណ:, ប្រើប្រាស់ឯកសាសាធារណ:ក្លែង , ឆបោក និងប្រើប្រាស់ឯកសណ្ឋាន ជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នា នឹងនគបាល ឬយោធាជាដើម ដោយអនុវត្តតាមបញ្ញត្តិមាត្រា៦២៩ ,មាត្រា៦៣០ ,មាត្រា៣៧៧, មាត្រា ៣៧៨, និងមាត្រា ៦១៦ នៃក្រមព្រហ្មទណ្ឌ។

លោក ទ្រី សារិទ្ធិ ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

បើតាមសមត្ថកិច្ច បទល្មើសរបស់លោក ទ្រី សារិទ្ធិ គឺបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០២២ និងថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២។

សូមរំលឹកផងដែរថា បុរសម្នាក់ដែលបានតាំងខ្លួន ជារដ្ឋលេខាធិការបម្រើការងារនៅខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី នៃទីស្តីការគណ:រដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទក្លែងបន្លំឯកសារសាធារណ: និងប្រើប្រាស់ឯកសារសាធារណៈក្លែង (ក្លែងលិខិតបញ្ជាក់ការងារ ក្លែងអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ ក្លែងហត្ថលេខា និងក្លែងត្រារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្លែងបណ្ណសម្គាល់ខ្លួន ក្លែងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) ទៅឆបោកប្រាក់អ្នកដទៃចំនួន៨.៥០០ដុល្លារ ដើម្បីយកទៅរត់ការចូលក្របខ័ណ្ឌ បម្រើការងារនៅក្រសួងទេសចរណ៍ ។

ជនត្រូវចោទរូបនោះមានឈ្មោះ ទ្រី សារិទ្ធិ ជាឈ្មោះពិតប្រាកដ និងឈុន ហុងលី ជាឈ្មោះតែងតាំងខ្លួនឯងក្លែងធ្វើជារដ្ឋលេខាធិការ អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យ បញ្ជូនទៅតុលាការ គឺយោងទៅលើពាក្យបណ្តឹងរបស់មេធាវីទីស្តីការគណ:រដ្ឋមន្ត្រី ក្រោយពីបានពិនិត្យឃើញថា រាល់ឯកសារពាក់ព័ន្ធដូចខាងលើ គឺជនសង្ស័យឈ្មោះ ឈុន ហុងលី ពិតជាក្លែងក្លាយទាំងអស់ ដែលបានតាំងខ្លួនឯង ជារដ្ឋលេខាធិការ ហើយឈ្មោះនេះ បានទៅឆបោកប្រាក់ពីអ្នកដទៃចំនួន ៨.៥០០ដុល្លារ ដើម្បីយកទៅរត់ការឱ្យគេបានចូលក្របខ័ណ្ឌក្រសួងទេសចរណ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងខែកុម្ភ: ឆ្នាំ២០២២ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×